ម៉ោងប្រមាណ ៧៖១០នាទី ល្ងាចថ្ងៃសុក្រ, ខ្ញុំកំពុងធ្វើដំណើរទៅផ្ទះ ដោយបណ្ដែតអារម្មណ៍តាមផ្លូវសហព័ន្ធរុស្សី ។ ថ្ងៃនេះខ្ញុំត្រឡប់ទៅផ្ទះវិញលឿនជាងធម្មតា ដោយជាទូទៅច្រើនជាជួបមិត្តភឿនកនក្លើ ដាក់ឡាប្យេម៉ាទ្រេត ទើបទៅផ្ទះវិញ ។ កំពុងតែបណ្ដែតអារម្មណ៍និងផ្លូវ ដែលមានភ្លើងឆ្វែលឆ្វាត់ ដីហុយទ្រលោម នៃទីក្រុងដ៏ស្រស់ឆើតឆាយនៃលោកពូម៉ាយើង មកដល់ត្រឹមស្តុបកែងផ្លូវសហព័ន្ធរុស្សី និងផ្លូវហាណូយ (ផ្លូវ ២០០៤) ស្ត្រីចំណាស់ម្នាក់ និងស្ត្រីក្មេងៗដែលទំនងអាយុមិនជាលើស២០ឆ្នាំ ២នាក់ កំពុងតែប្រយិតប្រតោងកាន់វ៉ាលីសធំៗ២ ប្រឹងទប់ខ្លួនកុំអោយធ្លាក់ពីលើម៉ូតូឌុបរាងចំណាស់មួយ ។
– អ៊ំ! អ៊ំ! អ៊ំទៅត្រឹមព្រលានយន្តហោះនេះតើអ្ហី? បើពិបាកពេកអ៊ំអាចជិះជាមួយខ្ញុំម្នាក់បាន ខ្ញុំជួយជូនអ៊ំទៅ ។
ខ្ញុំសួរទៅគាត់ តែគាត់មើលមកខ្ញុំទំនងដូចមិនទុកចិត្ត, ដោយលំបាកពេក និងក្រោយពីពិភាក្សានឹងកូនៗគាត់រួចមក គាត់ក៏ព្រមជិះនឹងខ្ញុំ ដោយយកមកទាំងវ៉ាលីសធំមួយផង ។ ចេញដំណើរតាមផ្លូវ ឆ្លងស្តុបបានបន្តិច ខ្ញុំសួរគាត់៖
– អ៊ំជូនកូនឡើងយន្តហោះមែនទេ? កូនអ៊ំត្រូវទៅធ្វើការនៅស្រុកក្រៅហ៎អ៊ំ?
– ចា៎, កូនអ៊ំអាចាន់ធីនិងពួកម៉ាកវាទៅធ្វើជាកម្មករនៅកូរ៉េ ។
– ហើយកូនអ៊ំរៀនភាសាកូរ៉េនៅសាលាណា? គេធានាអត់អ៊ំ?
– កូនអ៊ំវាអត់បានរៀនកូរ៉េអីទេ ពួកម៉ាកវា ស្រីឡៃហ្នឹងវាអាណិតអ៊ំ និងកូនអ៊ំ វាប្រាប់ថា ផ្ដល់លុយទៅខាងសាលាកខគ ហ្នឹង៣០ដុល្លារដើម្បីអោយសាលាចេញលិខិតបញ្ជាក់ថារៀនចប់ផ្នែកភាសាកូរ៉េ ហើយបង់បន្ថែម ១២០ដុល្លារផ្សេងទៀតដើម្បីប្រលងជាប់ ស្អី អាអ៊ីភីអេសស្អីគេនោះ ដើម្បីបានទៅកូរ៉េណាក្មួយ ។
– ហាក ម៉េចអាចទៅរួចអ៊ំ? ហើយបើកូនអ៊ំ អត់ចេះភាសាគេចឹង វាទៅធ្វើការម៉េចនឹងកើត?
– អ៊ំថាអញ្ចឹងដែរ តែអ៊ំសង្ឃឹមថាពួកម៉ាកវានឹងជួយមើលមុខមើលក្រោយវាហើយក្មួយអ៊ើយ! គ្មានម៉ែឪណាចង់អោយកូនចេញពីទ្រួងឆ្លងប្រទេសទៅធ្វើការនៅស្រុកក្រៅនោះទេ តែវាមានតែចឹង ។
– បើសិនជាវាទៅធ្វើការកសិកម្ម ឧស្សាហកម្មអី មិនជាអីទេ តែបើវាទៅធ្វើការនៅតាមផ្ទះ គេមិនអោយធ្វើការជុំគ្នាទេ ចឹងអត់មានអ្នកណាមើលអ្នកណាទេអ៊ំ ។
និយាយបានត្រឹមនេះ ក៏ដល់មាត់ទ្វារច្រកចូលព្រលានល្មម, ខ្ញុំដាក់គាត់ចុះ គាត់ញញឹម ហើយនិយាយពាក្យអរគុណមកខ្ញុំ ។ ខ្ញុំមើលទៅដំណើរគាត់ដើរទន្ទឹមនិងកូនស្រីគាត់ប្រកបដោយភាពសប្បាយរីករាយ តែបង្កប់ដោយក្ដីទុកព្រួយ ។ តើដោយសារតែអ្វីដែលខ្ញុំនិយាយ ឬយ៉ាងណា? តើខ្ញុំក្លាយជាអ្នកដែលបំផ្លាញសេចក្ដីសង្ឃឹមគាត់ ហើយឬ?
«នឹងគ្មានប្រជាជនណាម្នាក់ស្លាប់ដោយដាច់ពោះឡើយ»
11.560019
104.891964