មាន​ហើយ! តែ​ត្រូវ​ការ​ការ​ចូល​រួម​កែរប្រែ​តម្រូវ

ខ្ញុំ​ធ្លាប់​ដាក់​ប្រកាស​ម្តង​ហើយ​អំពី ភាសាខ្មែរ​ក្នុង​ Google Translator តែ​ក៏ស្ងាត់​បាត់​រាប់​ឆ្នាំ ដល់​ត្រឹម​ម្សិលម៉ិញ ហើយ​និង​ថ្ងៃ​នេះ Google Translator ក៏​សម្រេច​បាន​បញ្ចេញ ភាសាខ្មែរ​ដែល​ជា​ភាសា​ទី​ជាង​៦០ ដែល​បាន​អនុញ្ញាតអោយ​ធ្វើ​ការ​បកប្រែ​ដោយ​ផ្ទាល់​លើ Google Translator តែ​ម្តង ។

ការ​ដាក់​បញ្ហាញជំនាន់ Alpha នេះ រួមមាន​កំហុស​ច្រើន ហើយ​គឺ​ច្រើន​មែន​ទែន តែ​ជំនួស​ដោយ​ការ​សើច បណ្តុះ​បង្អាប់ យើង​ក៏​អាច​ចូលរួម​ក្នុង​ការ​កែប្រែ​ដោយ​ធ្វើ​ដូច​ខាងក្រោម៖

១- ប្រសិន​បើ​យើង​ប្រទះ​នឹង​ការ​បកប្រែ​មិន​ប្រក្រតី ដូច​ខាង​ក្រោម៖

រូបភាព

២- សូម​យក​កណ្តុរ (Mouse) ទៅ​ចុច​លើ​ពាក្យ​ដែល​យើង​គិត​ថា​មិន​ត្រឹមត្រូវ ហើយ​រើស​យក​ពាក្យ​ដែល​ត្រឹមត្រូវ (ប្រសិន​បើ​មាន) ឬ វាយ​តម្រូវ​ពាក្យ​នៅ​ក្នុង​ប្រអប់​ខាង​ក្រោម ហើយ​ចុច​លើ​ប៊ូតុង Use

រូបភាព

៣- Google Translator នឹង​ប្រមូល​រាល់​ Feed back ទាំង​នោះ ដើម្បី​បន្ថែម និង​កែរប្រែ​ក្នុងកំណែរ Beta ហើយ​នឹង​ចេញ​ Stable Release ក្នុង​ពេល​ឆាប់ៗ ។

រូបភាព

ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា​ភាសា​យើង​នឹង​លេចមុខលេខមាត់​ និង​ថ្កុំថ្កើង​ជាង​នេះលើ​ឆាក​អន្តរជាតិ​ក្នុង​ពេល​ឆាប់ៗ ។

មិន​ច្បាស់​សោះ!

មួយ​កំណាត់​ផ្លូវ​ប្រមាណ​ត្រឹម​តែ​ជិត​១០គីឡូ​ម៉ែត្រ ប៉ុណ្ណោះ ពី​ចោម​ចៅ មក​ដល់​ត្រឹម​អតីត​សួន​ច្បារ​តោ​ពីរ, មិន​លោះ​ថ្ងៃ យ៉ាង​ហោច​ណាស់​ស្លាក​ស្នាម​គ្រោះ​ថ្នាក់​ចរាចរ​ចំនួន​ពីរ​ករណី​ដែល​ខ្ញុំ​បាន​ឃើញ ។ ភាគ​ច្រើន​គឺ​ កំណាត់​របង​ខណ្ឌ​ចែក​កណ្ដាល​ទ្រូង​ផ្លូវរប៉ាត់​រប៉ាយ​ពាស​ពេញ​ផ្លូវ ។

devide-barrer1

មក​ដល់​ពេល​នេះ, ខ្ញុំ​នៅ​មិន​ទាន់​រក​ចម្លើយ​សម្រាប់​សំនួរ​ខាង​លើ​នេះ​ឃើញ​នៅ​ឡើយ​ទេ ។ ពេល​ខ្លះ មួយ​កំណាត់​ផ្លូវ​ខ្លី​នោះ បាន​ក្លាយ​ជា​ទី​លាន​ប្រណាំង​ សម្រាប់​រថយន្ត​សង្គ្រោះ​ផង​ដែរ ។

នៅ​ក្នុង​របាយការណ៍​ឆ្នាំ​២០១២ ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អង្គការ​ជន​ពិការ​អន្តរជាតិ​បាន​ទទួល​ពី​ ប៉ូលិស​ចរាចរ បាន​ឲ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង ៤.៣០៥​ករណី។ គ្រោះថ្នាក់​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១.៨៩៤​នាក់ របួស​ទាំង​ធ្ងន់ និង​ស្រាល មាន​ចំនួន ៧.៤៦៧​នាក់។ ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​វិញ មាន​ការ​ខូចខាត​ម៉ូតូ ៤.៤០៦​គ្រឿង ឡាន​តូច ១.៦៦៧​គ្រឿង និង​ឡាន​ធំ ៥៣៩​គ្រឿង។ –ដកស្រង់​ចេញ​ពី RFA ខ្មែរ

ទី​បំផុត​ខ្ញុំ​រក​ចម្លើយ​ឃើញ​ហើយ

ជា​ធម្មតា​រៀង​រាល់​ថ្ងៃ ម៉ោង​ប្រមាណ​៥ព្រឹក, រាល់​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ពី​ផ្ទះ​ឯ​ចោម​ចៅ ទៅ​ទីក្រុង​ភ្នំពេញ, ខ្ញុំ​តែង​ឃើញ​ប៉ូលីស​ប្រមាណ ១០នាក់ ពង្រាយ​គ្នា គោះ​យក​លុយ រាល់​រឺ​ម៉ក​ដឹក​ធ្យូង ដឹក​បន្លែរ ឡាន​ដឹក​ទំនិញ​ធំ​តូច មិន​ចេះ​ដាច់ ។ គ្នីគ្នា​គាត់ ១០នាក់ តែ​គាត់​បន្តាក់​គ្នាក្នុង​ចន្លោះ ប្រម៉ាន ១០ ទៅ ១៥ម៉ែត្រ​ប៉ុន្នោះ ហើយ​គាត់​យក​លុយ​គ្រប់ៗ​យាន​ជំនិះ គ្រប់ៗ​គ្នា​មិន​មាន​ព្រលែង​មួយ​ឡើង ។

ខ្ញុំ​តែង​តែ​ឆ្ងល់​ថា តើ​លុយ​ដែល​គាត់​ហុច​ដៃ​យក​នោះ ជា​លុយ​ថ្លៃ​អ្វី? បើ​ថា​ពន្ធ​ផ្លូវ ក៏​មិន​មែន​ព្រោះ ខាង​ពន្ធ​ដារ​តែង​តែ​យក​រាល់​ឆ្នាំ​រួច​ស្រេច​ទៅ​ហើយ, ហើយ​បើ​ថា​លុយ​មើល​ការ​ខុស​ត្រូវ​ផ្លូវ ក៏​មិនមែន ព្រោះ​ផ្លូវ​ក៏​មាន​ស្រាប់ ហើយ​សុវត្ថិភាព ក៏​ល្អ ដូច​ប្រសាសន៍​សម្តេច​នាយក​រដ្ឋមន្រ្តី​ ដែល​ថា​ម៉ោង​១ ម៉ោង២ យប់​ក៏​បង​ប្អូន​យើង​អាច​ជិះ​បាន​ ដោយ​គ្មាន​បញ្ហា ។ ខ្ញុំ​ឆ្ងល់​ថា ប្រសិន​បើ បងៗ​អ្នក​រត់​តាក់​ស៊ី ដឹក​ឥវ៉ាន់​ទាំង​នោះ បដិសេធ​មិន​ផ្តល់​លុយ​ទាំង​នោះ ទៅ​គាត់ តើ​នឹង​មាន​អ្វី​កើត​ឡើង? ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា បែប​គ្មាន​អី​ធំ​ដុំ​ទេ យ៉ាង​ច្រើន​បង​សមត្ថកិច្ច ឈរ​ហួស​ចិត្ត ត្បិត​អា​មួយ​នោះ​វា​ហ៊ាន​បើក​ហួស មិន​ចូល​ស្ទឹង​តាម​បទប៉ុណ្ណឹង​ឯង ។

តែ​មាន​អញ្ចឹង​ឯណា? ខ្ញុំ​អាន​អត្ថបទ​លើ​បណ្តាញ​របស់​កាសែត​កោះ​សន្តិភាព​កាល​ពី​ព្រឹកម៉ិញ​ទើប​ខ្ញុំដឹង ថា​តើ​វាសនា​អ្នក​ដែល​មិន​ផ្តល់​លុយ​ដល់​ពួក​គាត់​គឺ​បែបនេះ!

«ប៉ូលិស​ពាក់​ឯក​សណ្ឋាន​ឃាត់​រថយន្ត​​ដឹក​ម្ទេស​មិន​ឈប់​បាញ់​១​គ្រាប់​​ត្រូវ​ដោះ​ខាង​ឆ្វេងរបួសធ្ងន់» ជា​ចំណង​ជើង​អត្ថបទ​ដែល​ខ្ញុំ​បាន​អាន, ឃើញ​ភ្លាម​ខ្ញុំ​ភ្ញាក់​ព្រើត ហើយ​នឹក​ថា អ៎! ចឹង​ទេ! ចឹង​តើ​បាន​ជា​ខ្ញុំ​មិន​ដែល​ឃើញ​បងៗ​ដឹក​ឥវ៉ាន់​ណា ប្រកែក​នឹង​ពួក​គាត់​សោះ ។

ពត៌​មាន​បន្ថែម៖ ប៉ូលិស២​នាក់ដែល​បាញ់អ្នក​បើកបរ​រថយន្ត​ដឹកទំនិញ​ស្ទើរស្លាប់​ស្ទើររស់​ ចាប់​ខ្លួន​ហើយ​

ស្តុប​ផ្សារ​ដីហុយ

ម៉ោង​ប្រមាណ ៧៖១០នាទី ល្ងាច​ថ្ងៃ​សុក្រ, ខ្ញុំ​កំពុង​ធ្វើដំណើរ​ទៅ​ផ្ទះ ដោយ​បណ្ដែត​អារម្មណ៍​តាម​ផ្លូវ​សហព័ន្ធ​រុស្សី ។ ថ្ងៃ​នេះ​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ​លឿន​ជាង​ធម្មតា ដោយ​ជា​ទូទៅ​ច្រើន​ជា​ជួប​មិត្ត​ភឿន​កន​ក្លើ ដាក់​ឡាប្យេ​ម៉ា​ទ្រេត ទើប​ទៅ​ផ្ទះ​វិញ ។ កំពុង​តែ​បណ្ដែត​អារម្មណ៍​និង​ផ្លូវ ដែល​មាន​ភ្លើង​ឆ្វែល​ឆ្វាត់ ដី​ហុយ​ទ្រលោម នៃ​ទី​ក្រុង​ដ៏​ស្រស់​ឆើតឆាយ​នៃ​លោក​ពូ​ម៉ា​យើង មក​ដល់​ត្រឹម​ស្តុប​កែង​ផ្លូវ​សហព័ន្ធ​រុស្សី និង​ផ្លូវ​ហាណូយ (ផ្លូវ ២០០៤) ស្ត្រី​ចំណាស់​ម្នាក់ និង​ស្ត្រី​ក្មេងៗ​ដែល​ទំនង​អាយុ​មិន​ជា​លើស​២០​ឆ្នាំ ២​នាក់ កំពុង​​តែ​ប្រយិត​ប្រតោង​កាន់​វ៉ាលីស​ធំៗ២ ប្រឹង​ទប់​ខ្លួន​កុំ​អោយ​ធ្លាក់​ពី​លើ​ម៉ូតូ​ឌុប​រាង​ចំណាស់​មួយ ។

– អ៊ំ! អ៊ំ! អ៊ំ​ទៅ​ត្រឹម​ព្រលាន​យន្ត​ហោះ​នេះ​តើ​អ្ហី? បើ​ពិបាក​ពេក​អ៊ំ​អាច​ជិះ​ជា​មួយ​ខ្ញុំ​ម្នាក់​បាន ខ្ញុំ​ជួយ​ជូន​អ៊ំ​ទៅ ។

ខ្ញុំ​សួរ​ទៅ​គាត់ តែ​គាត់​មើល​មក​ខ្ញុំ​ទំនង​ដូច​មិន​ទុកចិត្ត, ដោយ​លំបាក​ពេក​ និង​ក្រោយ​ពី​ពិភាក្សា​នឹង​កូន​ៗ​គាត់​រួច​មក គាត់​ក៏​ព្រម​ជិះ​នឹង​ខ្ញុំ ដោយ​យក​មក​ទាំង​វ៉ាលីស​ធំ​មួយ​ផង ។ ចេញ​ដំណើរ​តាម​ផ្លូវ ឆ្លង​ស្តុប​បាន​បន្តិច ខ្ញុំ​សួរ​គាត់៖

– អ៊ំ​ជូន​កូន​ឡើង​យន្ត​ហោះ​មែន​ទេ? កូន​អ៊ំ​ត្រូវ​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ក្រៅ​ហ៎​អ៊ំ?

– ចា៎, កូន​អ៊ំ​អា​ចាន់ធី​និង​ពួកម៉ាក​វា​ទៅ​ធ្វើ​ជា​កម្មករ​នៅ​កូរ៉េ ។

– ហើយ​កូន​អ៊ំ​រៀន​ភាសាកូរ៉េ​នៅ​សាលា​ណា? គេ​ធានា​អត់​អ៊ំ?

– កូន​អ៊ំ​វា​អត់​បាន​រៀន​កូរ៉េ​អី​ទេ ពួក​ម៉ាក​វា ស្រីឡៃ​ហ្នឹង​វា​អាណិត​អ៊ំ និង​កូន​អ៊ំ វា​ប្រាប់​ថា ផ្ដល់​លុយ​ទៅ​ខាង​សាលា​កខគ ហ្នឹង​៣០ដុល្លារ​ដើម្បី​អោយ​សាលា​ចេញ​លិខិត​បញ្ជាក់​ថា​រៀន​ចប់​ផ្នែក​ភាសាកូរ៉េ ហើយ​បង់​បន្ថែម​ ១២០ដុល្លារ​ផ្សេង​ទៀត​ដើម្បី​ប្រលង​ជាប់ ស្អី អា​អ៊ី​ភី​អេស​ស្អី​គេ​នោះ ដើម្បី​បាន​ទៅ​កូរ៉េ​ណា​ក្មួយ ។

– ហាក ម៉េច​អាច​ទៅ​រួច​អ៊ំ? ហើយ​បើ​កូន​អ៊ំ អត់​ចេះ​ភាសា​គេ​ចឹង វា​ទៅ​ធ្វើ​ការ​ម៉េច​នឹង​កើត?

– អ៊ំ​ថា​អញ្ចឹង​ដែរ តែ​អ៊ំ​សង្ឃឹម​ថា​ពួក​ម៉ាក​វា​នឹង​ជួយ​មើល​មុខ​មើល​ក្រោយ​វា​ហើយ​ក្មួយ​អ៊ើយ! គ្មាន​ម៉ែ​ឪ​ណា​ចង់​អោយ​កូន​ចេញ​ពី​ទ្រួង​ឆ្លង​ប្រទេស​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ក្រៅ​នោះ​ទេ តែ​វា​មាន​តែ​ចឹង ។

– បើ​សិន​ជា​វា​ទៅ​ធ្វើ​ការ​កសិកម្ម ឧស្សាហកម្ម​អី មិន​ជា​អី​ទេ តែ​បើ​វា​ទៅ​ធ្វើការ​នៅ​តាម​ផ្ទះ គេ​មិន​អោយ​ធ្វើ​ការ​ជុំ​គ្នា​ទេ ចឹង​អត់​មាន​អ្នក​ណា​មើល​អ្នក​ណា​ទេ​អ៊ំ ។

និយាយ​បាន​ត្រឹម​នេះ ក៏​ដល់​មាត់​ទ្វារ​ច្រក​ចូល​ព្រលាន​ល្មម, ខ្ញុំ​ដាក់​គាត់​ចុះ គាត់​ញញឹម ហើយ​និយាយ​ពាក្យ​អរគុណ​មក​ខ្ញុំ ។ ខ្ញុំ​មើល​ទៅ​ដំណើរ​គាត់​ដើរ​ទន្ទឹម​និង​កូន​ស្រី​គាត់​ប្រកប​ដោយ​ភាព​សប្បាយ​រីក​រាយ តែ​បង្កប់​ដោយ​ក្ដី​ទុក​ព្រួយ ។ តើ​ដោយ​សារ​តែ​អ្វី​ដែល​ខ្ញុំ​និយាយ​ ឬ​យ៉ាង​ណា? តើ​ខ្ញុំ​ក្លាយ​ជា​អ្នក​ដែល​បំផ្លាញ​សេចក្ដី​សង្ឃឹម​គាត់​ ហើយ​ឬ?

«នឹង​គ្មាន​ប្រជាជន​ណា​ម្នាក់​ស្លាប់​ដោយ​ដាច់​ពោះ​ឡើយ»

ការ៉េម​នំ​ប៉័ង​សាំង​វិច​មិន​គ្រប់​គ្រាន់!

ដូច​ខ្ញុំ​ធ្លាប់​បាន​ដាក់​ប្រកាស​មុន អំពី «តំលើង​អក្សរ​ខ្មែរ​យូនីកូដ​ប្រសើរ​ជាង​មុនលើ​ ICS» ។ វា​បាន​ធ្វើ​អោយ​ទូរស័ព្ទ​ខ្ញុំ​ប្រែ​អំពី​ពិការ​ភាព​អក្សរ​ខ្មែរ មក​អាន​បាន​ទាំង​មួយ​ចំនួន​ធំ​លើ​វ៉េបសាយ និង ហ្វេសប៊ូក ។

បើ​ថ្វី​ត្បិត​ដំណើរ​ការ​នៃ​ការ​អាន បាន​ប្រសើរ ប៉ុន្តែរ​ការ​បង្ហាញ​មួយ​ចំនួន​នៅ​ក្នុង​ប្រព័ន្ធ​ដំណើការ​ទាំង​មូល ក៏​ដូច​ជា​កម្មវិធី​មួយ​ចំនួន​ធំ ដែល​មិន​មាន​ទំនាក់​ទំនង​នឹង​ប្រព័ន្ធ​អ៊ីន​ធើណេត ក៏​ដូច​ជាការ​សរសេរ​នៅ​មិន​ទាន់​បាន​គ្រប់​ជ្រុង​ជ្រោយ​នៅឡើយ ។

កាល​ពី​ពាក់​កណ្តាល​ខែ​នេះ ខ្ញុំ​បាន​តំលើង​ជំនាន់​នៃ​ប្រតិបត្តិការ​របស់​ទូរស័ព្ទ​ខ្ញុំ​ពី ICS (Ice Cream Sandwich) ទៅ JB (Jelly Bean) ដើម្បី​អោយ​ការ​បង្ហាញ​អក្សរ​ខ្មែរ​បាន​កាន់​តែ​ល្អ ហើយ​ឃើញ​ថា​ពិត​ជា​បាន​ផល​ប្រាកដ​មែន ។ Continue reading