ស្តុប​ផ្សារ​ដីហុយ

ម៉ោង​ប្រមាណ ៧៖១០នាទី ល្ងាច​ថ្ងៃ​សុក្រ, ខ្ញុំ​កំពុង​ធ្វើដំណើរ​ទៅ​ផ្ទះ ដោយ​បណ្ដែត​អារម្មណ៍​តាម​ផ្លូវ​សហព័ន្ធ​រុស្សី ។ ថ្ងៃ​នេះ​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ​លឿន​ជាង​ធម្មតា ដោយ​ជា​ទូទៅ​ច្រើន​ជា​ជួប​មិត្ត​ភឿន​កន​ក្លើ ដាក់​ឡាប្យេ​ម៉ា​ទ្រេត ទើប​ទៅ​ផ្ទះ​វិញ ។ កំពុង​តែ​បណ្ដែត​អារម្មណ៍​និង​ផ្លូវ ដែល​មាន​ភ្លើង​ឆ្វែល​ឆ្វាត់ ដី​ហុយ​ទ្រលោម នៃ​ទី​ក្រុង​ដ៏​ស្រស់​ឆើតឆាយ​នៃ​លោក​ពូ​ម៉ា​យើង មក​ដល់​ត្រឹម​ស្តុប​កែង​ផ្លូវ​សហព័ន្ធ​រុស្សី និង​ផ្លូវ​ហាណូយ (ផ្លូវ ២០០៤) ស្ត្រី​ចំណាស់​ម្នាក់ និង​ស្ត្រី​ក្មេងៗ​ដែល​ទំនង​អាយុ​មិន​ជា​លើស​២០​ឆ្នាំ ២​នាក់ កំពុង​​តែ​ប្រយិត​ប្រតោង​កាន់​វ៉ាលីស​ធំៗ២ ប្រឹង​ទប់​ខ្លួន​កុំ​អោយ​ធ្លាក់​ពី​លើ​ម៉ូតូ​ឌុប​រាង​ចំណាស់​មួយ ។

– អ៊ំ! អ៊ំ! អ៊ំ​ទៅ​ត្រឹម​ព្រលាន​យន្ត​ហោះ​នេះ​តើ​អ្ហី? បើ​ពិបាក​ពេក​អ៊ំ​អាច​ជិះ​ជា​មួយ​ខ្ញុំ​ម្នាក់​បាន ខ្ញុំ​ជួយ​ជូន​អ៊ំ​ទៅ ។

ខ្ញុំ​សួរ​ទៅ​គាត់ តែ​គាត់​មើល​មក​ខ្ញុំ​ទំនង​ដូច​មិន​ទុកចិត្ត, ដោយ​លំបាក​ពេក​ និង​ក្រោយ​ពី​ពិភាក្សា​នឹង​កូន​ៗ​គាត់​រួច​មក គាត់​ក៏​ព្រម​ជិះ​នឹង​ខ្ញុំ ដោយ​យក​មក​ទាំង​វ៉ាលីស​ធំ​មួយ​ផង ។ ចេញ​ដំណើរ​តាម​ផ្លូវ ឆ្លង​ស្តុប​បាន​បន្តិច ខ្ញុំ​សួរ​គាត់៖

– អ៊ំ​ជូន​កូន​ឡើង​យន្ត​ហោះ​មែន​ទេ? កូន​អ៊ំ​ត្រូវ​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ក្រៅ​ហ៎​អ៊ំ?

– ចា៎, កូន​អ៊ំ​អា​ចាន់ធី​និង​ពួកម៉ាក​វា​ទៅ​ធ្វើ​ជា​កម្មករ​នៅ​កូរ៉េ ។

– ហើយ​កូន​អ៊ំ​រៀន​ភាសាកូរ៉េ​នៅ​សាលា​ណា? គេ​ធានា​អត់​អ៊ំ?

– កូន​អ៊ំ​វា​អត់​បាន​រៀន​កូរ៉េ​អី​ទេ ពួក​ម៉ាក​វា ស្រីឡៃ​ហ្នឹង​វា​អាណិត​អ៊ំ និង​កូន​អ៊ំ វា​ប្រាប់​ថា ផ្ដល់​លុយ​ទៅ​ខាង​សាលា​កខគ ហ្នឹង​៣០ដុល្លារ​ដើម្បី​អោយ​សាលា​ចេញ​លិខិត​បញ្ជាក់​ថា​រៀន​ចប់​ផ្នែក​ភាសាកូរ៉េ ហើយ​បង់​បន្ថែម​ ១២០ដុល្លារ​ផ្សេង​ទៀត​ដើម្បី​ប្រលង​ជាប់ ស្អី អា​អ៊ី​ភី​អេស​ស្អី​គេ​នោះ ដើម្បី​បាន​ទៅ​កូរ៉េ​ណា​ក្មួយ ។

– ហាក ម៉េច​អាច​ទៅ​រួច​អ៊ំ? ហើយ​បើ​កូន​អ៊ំ អត់​ចេះ​ភាសា​គេ​ចឹង វា​ទៅ​ធ្វើ​ការ​ម៉េច​នឹង​កើត?

– អ៊ំ​ថា​អញ្ចឹង​ដែរ តែ​អ៊ំ​សង្ឃឹម​ថា​ពួក​ម៉ាក​វា​នឹង​ជួយ​មើល​មុខ​មើល​ក្រោយ​វា​ហើយ​ក្មួយ​អ៊ើយ! គ្មាន​ម៉ែ​ឪ​ណា​ចង់​អោយ​កូន​ចេញ​ពី​ទ្រួង​ឆ្លង​ប្រទេស​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ក្រៅ​នោះ​ទេ តែ​វា​មាន​តែ​ចឹង ។

– បើ​សិន​ជា​វា​ទៅ​ធ្វើ​ការ​កសិកម្ម ឧស្សាហកម្ម​អី មិន​ជា​អី​ទេ តែ​បើ​វា​ទៅ​ធ្វើការ​នៅ​តាម​ផ្ទះ គេ​មិន​អោយ​ធ្វើ​ការ​ជុំ​គ្នា​ទេ ចឹង​អត់​មាន​អ្នក​ណា​មើល​អ្នក​ណា​ទេ​អ៊ំ ។

និយាយ​បាន​ត្រឹម​នេះ ក៏​ដល់​មាត់​ទ្វារ​ច្រក​ចូល​ព្រលាន​ល្មម, ខ្ញុំ​ដាក់​គាត់​ចុះ គាត់​ញញឹម ហើយ​និយាយ​ពាក្យ​អរគុណ​មក​ខ្ញុំ ។ ខ្ញុំ​មើល​ទៅ​ដំណើរ​គាត់​ដើរ​ទន្ទឹម​និង​កូន​ស្រី​គាត់​ប្រកប​ដោយ​ភាព​សប្បាយ​រីក​រាយ តែ​បង្កប់​ដោយ​ក្ដី​ទុក​ព្រួយ ។ តើ​ដោយ​សារ​តែ​អ្វី​ដែល​ខ្ញុំ​និយាយ​ ឬ​យ៉ាង​ណា? តើ​ខ្ញុំ​ក្លាយ​ជា​អ្នក​ដែល​បំផ្លាញ​សេចក្ដី​សង្ឃឹម​គាត់​ ហើយ​ឬ?

«នឹង​គ្មាន​ប្រជាជន​ណា​ម្នាក់​ស្លាប់​ដោយ​ដាច់​ពោះ​ឡើយ»

15 thoughts on “ស្តុប​ផ្សារ​ដីហុយ

  1. សង្ស័យ​តែ​ចាញ់​បោក​មេខ្យល់ទេ… ក្មេងស្រែ​ ម៉េច​មិន​សុំ​មើល​លិខិត​ឆ្លងដែន​គាត់​មើល… បើមាន​វីសា​ទៅ​​កូរ៉េ​មែន ប្រហែល​ជា​មិន​អី​ទេ។ តែ​បើ​ទៅ​​ម៉ាឡេ ឬតែវ៉ាន់​វិញ គឺ​ប្រាកដ​ជា​វេទនា​ធំហើយ… សូម​ជូន​ពរ​អោយ​ពួក​គេ​មាន​សំណាង​ល្អ​…

  2. តាមសាច់រឿង គឺអ៊ុំស្រីនោះចាញ់បោកគេ ហើយ! ព្រោះថាការ​ទៅធ្វើការនៅប្រទេសកូរ៉េ ទាមទារការប្រលងជាប់ អ៊ីភីអេស ថបភីក! ដែលចេញដោយក្រសួងការងារកូរ៉េ ! មិនអាចមានករណី ស៊ូកប៉ាន់បានទៅធ្វើឡើយ(ប្រទេសកូរ៉េតឹង) ព្រោះថាកន្លងមកនៅប្រទេសជិតខាង​យើងមានរឿងមិនប្រក្រតី​ខាងប្រលងនេះ សរុបទៅ ប្រទេសកូរ៉េលុបចោលឈ្មោះប្រទេសនោះ មិនឲ្យមានពលករ​ប្រលង​ទៅកូរ៉េបានទៀតឡើយ!

  3. «មោទនៈ​​សម្រាប់​កម្ពុជា​ព្រោះ​ពល​រដ្ឋ​ទៅ​ធ្ចើ​ការ​ក្រៅ​ស្រុក រក​ប្រាក់​ចំណូល​រាប់​រយ​លាន​ដុល្លា​មក​ស្រុក​កំណើត» ចប់៕ sic..

  4. ងាប់​ ស្មាន​តែ​មែន​ទែន។ ហេង​វិណ​ចេះ​អាន​មតិ​ទាន់ ចេះ​តែ​ឆ្ងល់​ថា​នៅ​កូរ៉េ​ដូច​អត់​មាន​ទទួល​យក​អ្នក​បម្រើ​ស្រី​មក​បម្រើ​នៅ​តាម​ផ្ទះ​ទេ​ ព្រោះ​ដូច​ជា​មិន​ដែល​ឮ​សោះ។

  5. អត់ដែលឃើញ​មានកាសែតណាចុះថា មានប្រជាជនណាស្លាប់ដោយ​អត់បាយទេ ។ គួរឱ្យអាណិតពួកគាត់ណាស់ មិនដឹងជាលក់គោ លក់ក្របីអស់ប៉ុន្មាន​ក្បាល​ហើយ​ទេ ហេងស៊យខ្ចីលុយគេផងក៏មិនដឹង ទម្រាំបានលុយស៊កគេនោះ ។

បញ្ចេញមតិ