តុកាហ្វេ

ម៉ោង​ ១២:៣០ នាទី, ដូច​រាល់​ដង បន្ទាប់​ពី​បាយ​ថ្ងៃ​ត្រង់​រួច ខ្ញុំ​តែង​មក​អង្គុយ​សម្រាក​រង់​ចាំ​ដល់​ម៉ោង​១ ដែល​ជា​ម៉ោង​ធ្វើការ​ប្រចាំ នៅ​ហាង​កាហ្វេ​បងប្អូន (Anh & Em) ។ កំពុង​ក្រេប​កាហ្វេ​ទឹកកក​មួយ​កែវ​១៥០០៛ សណ្ដូក​ជើង​ត្រង់​លើ​ពំនាក់​កៅអី​មួយ​ទៀត, តម្រង់​ខ្នង​បន្តិច ហើយ​ខ្ញុំ​សម្លឹង​ទៅ​មាត់​ផ្លូវ ។ លោក​ពូ​ម្នាក់​ អាយុ​ប្រមាណ ៤០​ឆ្នាំ គ្រង់​ដោយ​សំលៀក​បំពាក់​អាវ​សាច់​កំណាត់​ក្រឡា​ឆ្នូត​ចាស់​បន្តិច និង​ខោ​ខ្មៅ រួម​ទាំង​មាន​ពាក់​ស្បែក​ជើង​ឃ្លុប​ផង​ដែរ បត់​ចូល​មក​តម្រង់​ហាង​កាហ្វេ​ ។ គាត់​ចត​ម៉ូតូ Super Cub 50 របស់​គាត់​រួច​រាល់ គាត់​ក៏​ដើរ​ចូល​មក ហើយ​ឈរ​រេរា​បន្តិច, ខ្ញុំ​ឃើញ​គាត់​ទំនង​មិន​ចង់​ចូល​ទៅ​អង្គុយ​ខាង​ក្នុង ខ្ញុំ​ក៏​ដក​ជើង​ហើយ​និយាយ​ទៅ​កាន់​គាត់ «ពូ! ពូ​អាច​អង្គុយ​ទី​នេះ​បាន​ » ។

Continue reading

ឆ្នាំទីបី

ដោយ​គ្មាន​គោលដៅ​ច្បាស់​លាស់, ដោយ​គ្មាន​ការ​ជំរុញ​ចិត្ត, ដោយ​គ្មាន​ការ​តាំង​ចិត្ត តែ​បើ​ទោះ​ជា​យ៉ាង​ណា ក៏​គិត​មក​ដល់​ឆ្នាំ​នេះ ប្លុក​ដែល​គ្មាន​ប្រយោជន៍​១​នេះ ក៏​បាន​ចំរើន​អាយុ​កាល បាន​បី​ឆ្នាំ​ហើយ ។

ដោយ​សារ​ការ​បែក​ចែក​ពេល​វេលា​មិន​បានល្អ ក៏​ដូច​ជាផល​វិបាក​ផ្ទាល់​ខ្លួន​មួយ​ចំនួន បាន​ធ្វើ​អោយ​ប្លុក​១​នេះ ហាក់​ដូច​ជា​អសកម្ម​បំផុត​ក្នុង​ឆ្នាំទី​បីនេះ ជា​រួម មាន​អត្ថបទ​ថ្មី បន្ថែម​ចំនួន​តែ ៣០ប្រកាស​តែ​ប៉ុណ្ណោះ ដូច្នេះ ខ្ញុំ​នឹង​មិន​ធ្វើ​ការ​សរុប​របាយការណ៍ វិសោធនកម្ម​ចុង​ឆ្នាំ​ដូច​រាល់​ដង​ទេ ។

អរគុណ​ចំពោះការ​ចូល​មក​អាន និង​ដាក់​រាល់​មតិវាចារ ។ សង្ឃឹម​ថា​ឆ្នាំ​ទីបួន ជាឆ្នាំ​ដែល​ខ្ញុំ​អាច​ធ្វើ​ប្លុក​នេះ ត្រលប់​មក​រក​ភាព​ប្រក្រតី​វិញ ។

ទាន និងបុណ្យ

បន្ទាប់​ពី​អាន​អត្ថបទ​នេះ​ហើយ, ប្រហែល​ជា​មាន​អ្នក​អាន​ខ្លះ​នឹង​​គិត​ថា​ ខ្ញុំ​ទំនេរ​ជ្រុលអត់​អី​ធ្វើ​អត់​អី​និយាយ ឬ ក៏​ខ្ញុំ​ជា​ទមិល​សាសនា នៅ​មិន​នៅ មក​និយាយ​រិះគន់​ទំនៀម សាសនា​ដែល​គេ​ធ្វើ​មក​រាប់​រយ​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។

អាហារ​ពោពាស​ចាក់​ធារ នា​រដូវ​បុណ្យ​កាន់​បិណ្ឌ

អាហារ​ពោពាស​ចាក់​ធារ នា​រដូវ​បុណ្យ​កាន់​បិណ្ឌ

តាម​គំនិត​មួយ​បែប​របស់​ខ្ញុំ (បើ​ទោះ​បី​ខ្ញុំ​ក៏​ជា​ពុទ្ធសាសនិកជន) ក្នុង​ចំណោម​បុណ្យ​សាសនា​ទាំង​អស់ មាន​តែ​បុណ្យ​កាន់​បិណ្ឌ ភ្ជុំ​បិណ្ឌ នេះ​ទេ​ដែល​ជា​ពិធី​បុណ្យ​ខ្ទះ​ខ្ជាយ​ជាង​គេ រួមមាន​ការ​បោះ​ចោល​នូវ​ពំនូត​បាយ ការ​ដណ្តើម​គ្នា​ធ្វើ​ម្ហូប​អាហារ​ដោយ​អំនួតជាដើម ។

ការ​ធ្វើ​បុណ្យ​ឯណា នឹង​បាន​មក​ពី​ការ​ដណ្តើម​គ្នា ការ​អួត​អាង​អំពី​ចំនួន​បរិមាណ​នៃ​ការ​ធ្វើ ការ​សំអាំង​វ៉ាងទី ម៉ៅ​ផ្តាច់​វត្ត​មួយ ពីរ ឬ ច្រើន​ សម្រាប់​ធ្វើ​តែ​ម្នាក់​ឯង ហើយ​ព្យាយាម​បិទភ្នែក ធ្វើ​ខ្វាក់ ធ្វើ​ថ្លង់​នឹង​សម្លេង​ស្រេក​ឃ្លាន​ដ៏​ពិត​ប្រាកដ​ កំពុង​ដង្ហោយ​ហៅ​ចេញ​ពី​មាត់​មនុស្ស​ដែល​ហៀប​នឹង​ដាច់ខ្យល់​ដោយ​ការ​អត់​បាយ ។

ខ្ញុំ​ចង់​អោយ​មាន​ការ​បង្វែរ​ទិស​ដៅ នៃ​ការ​ធ្វើ​បុណ្យ​ ដែល​មនុស្ស​ម្នា​សព្វថ្ងៃ​កំពុង​ត្រេកត្រអាល មក​ជា​ការ​អោយ​ទាន យ៉ាង​ពិត​ ដល់​ជន​ស្រេកឃ្លាន​ពិត ហើយ​ទទួល​បាន​នូវ​ពរពិត ។

មើល​អ្នក​ស្រុក​តៃវ៉ាន​លក់ឥវ៉ាន់!

កុំចេះតែថាមានតែខ្មែរដែលតែងតែកេងកោរអ្នកទេសចរណ៍ក្រៅស្រុក/ក្នុងស្រុក, មើលអ្នកស្រុកតៃវ៉ាន់លក់ត្បូងដែលមានសត្វឃ្មុំក្នុងវីដេអូខាងក្រោមម្តងមើល៖

រឿង ធនញ្ជ័យ (The Untold Story)

មានដំណាលថា ពេលដែលអស់នាម៉ឺនមន្ត្រីចាញ់ប្រាជ្ញា ធនញ្ជ័យ ត្រង់ប្រើស្តេចបាន ហើយចាញ់ប្រាក់ក្នុងម្នាក់ៗអស់មិនតិចកាហបនៈនោះ, ក៏កើតជាគំនិតល្បិចទៅបញ្ចុះបញ្ចូលព្រះករុណា អោយធ្វើនូវការសាកល្បង ដោយដាក់បាល់ពណ៌ខ្មៅ៥ ទៅក្នុងស្បង់មួយ ហើយអោយអាជ័យចាប់អោយបានបាល់ស, អាជ័យច្បាស់ជាចាញ់យ៉ាងប្រត្យក្ស ។ លំនាំមានដូចខាងក្រោម៖

ព្រះករុណា៖ មើលអាជ័យ! ក្នុងស្បង់នេះមានបាល់ឥដ្ឋខ្មៅ៤ ស១, បើអាឯងចាប់បានបាល់ផ្សេងក្រៅពីពណ៌ស នោះអញនឹងដាក់ទោសអាឯងជាប្រាកដ!

ធនញ្ជ័យ៖ ព្រះករុណាថ្លៃវិសេស, ប្រសិនបើព្រះករុណាមានព្រះបន្ទូលថា មានបាល់ខ្មៅ៤ ស១ នោះច្បាស់ជាយ៉ាងនោះមិនលែងឡើយ! ប្រាកដណាស់ថា ខ្ញុំបាទ ច្បាស់ជាចាប់បានពណ៌សរមិនខាន!

ថាហើយ អ្នកប្រាជ្ញយើង ដើរទៅចាប់បាល់បានមួយហើយ ក្តាប់យ៉ងណែន ហើយលាក់នៅក្រោយគូថបាត់ ។

ធនញ្ជ័យ៖ សូមចាក់បង្ហាញបាល់ទាំង ៤ ដែលនៅសល់, ប្រសិនបើបាល់ទាំងនោះសុទ្ធតែខ្មៅ នោះបាល់ដែលនៅក្នុងដៃខ្ញុំ ច្បាស់ជាពណ៌ស មិនខាន ។

ក្រោយចាក់ចេញមក បាល់ទាំងនោះពិតជាពណ៌ខ្មៅមែន ហើយស្តេច និងនាម៉ឺននោះក៏ចាញ់ម្តងទៀតទៅ!

ទស្សនៈ​អាផ្លយ៖ ហ៎ក! ស៊ីរ៉ូវ!

រាល់រូបភាពខាងលើគឺយកបានចេញមកពី ទំព័រកំប្លែងនានា រួមមាន ហ្វេសប៊ូក ជាដើម ។ វាអាចជារឿងកំប្លែងសម្រាប់អ្នកដទៃមួយចំនួន, តែសម្រាប់មតិផ្លយផ្ទាល់ វាជាការទះមួយដៃចំកណ្តាលមុខ នៃអ្នកនិពន្ធដូរបាយ និង ផលិតកម្មកូពី មួយចំនួន អំពីគុណភាព និងកម្រិតនៃការដាក់ចំណងជើង ក៏ដូចជាអត្ថន័យនៃអត្ថបទចម្រៀង (មិននិយាយដល់ទំនុកភ្លេង និងទំនុកច្រៀងនោះទេ) នាពេលបច្ចុប្បន្ន ។

តាមរយៈរូបភាពខាងលើ ផ្លយមានអារម្មណ៍ថា អ្នកបង្កើតរូបភាពទាំងនោះមក ប្រហែលជាគេគិតថា «ម៉ាអាចំណងជើងចឹងៗ អញក៏ចេះសរសេរដែរហាហ៎! ចាំមើលអញសរសេរអោយសាហាវជាងពួកអ្នកនិពន្ធអស់ហ្នឹងវិញហាហ៎!» ហើយមើលទៅ! ណ្ហើយ! សូមសរសើរគាត់ម្យ៉ាងដែរ ចេះរកនឹកឃើញ!