សាំង​០២លីត្រ តម្លៃ​ ១ម៉ឺនរៀល

ចាក់​សាំង​នៅ​ស្ថានីយ តូតាល់ ថ្ងៃ​នេះ សូពែ២លីត្រ ខ្ញុំ​ត្រូវ​អស់​លុយ​មួយ​មឺនរៀល ។ ដំណើរ​រឿង៖

ខ្ញុំ៖ “ប្អូន ចាក់​សូពែ ២ លីត្រ”

អ្នក​ចាក់​សាំង៖ “បាទ​បង”

ចាក់រួច

ខ្ញុំ៖ លូកខុសៗ “អុញ! ភ្លេច​យក​កាបូបមក! ប្អូន បង​ភ្លេច​កាបូប​នៅ​ផ្ទះ ធ្វើ​ម៉េច​ទៅ?” ហៀបនឹង​និយាយ​ថា ដាក់​ទូរស័ព្ទ​នៅ​ហ្នឹង​មួយ​គ្រឿង ហើយ​ជិះ​ទៅ​ផ្ទះ​យក​កាបូប ព្រោះ​ផ្ទះ​នៅ​ជិត​ហ្នឹង ។

អ្នក​ចាក់​សាំង៖ ញញឹម “មាន​អី​បង បង​អញ្ជើញ​ចុះ ចាំ​ជិះ​កាត់​ពេល​ណា​ចាំ​យក​មក​អោយ​ខ្ញុំ​ក៏​បាន ”

ខ្ញុំ៖ “…”

១០នាទីក្រោយ

អ្នក​ចាក់​សាំង៖ “អ្ហាក! លឿន​ម្ល៉េះ​បង? ចាំ​ជិះ​កាត់​ចាំ​យក​មក​អោយ!”

ខ្ញុំ៖ “ផ្ទះ​បង​នៅ​ជិត​នេះ​តើ!”

អ្នក​ចាក់​សាំង៖ “នេះ​បង​លុយ​អាប់! អស់ ៧ពាន់២រយ ។”

ខ្ញុំ៖ ញញឹម “ទុកកាហ្វេ​ចុះ​ប្អូន” ។

ស្តុប​ផ្សារ​ដីហុយ

ម៉ោង​ប្រមាណ ៧៖១០នាទី ល្ងាច​ថ្ងៃ​សុក្រ, ខ្ញុំ​កំពុង​ធ្វើដំណើរ​ទៅ​ផ្ទះ ដោយ​បណ្ដែត​អារម្មណ៍​តាម​ផ្លូវ​សហព័ន្ធ​រុស្សី ។ ថ្ងៃ​នេះ​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ​លឿន​ជាង​ធម្មតា ដោយ​ជា​ទូទៅ​ច្រើន​ជា​ជួប​មិត្ត​ភឿន​កន​ក្លើ ដាក់​ឡាប្យេ​ម៉ា​ទ្រេត ទើប​ទៅ​ផ្ទះ​វិញ ។ កំពុង​តែ​បណ្ដែត​អារម្មណ៍​និង​ផ្លូវ ដែល​មាន​ភ្លើង​ឆ្វែល​ឆ្វាត់ ដី​ហុយ​ទ្រលោម នៃ​ទី​ក្រុង​ដ៏​ស្រស់​ឆើតឆាយ​នៃ​លោក​ពូ​ម៉ា​យើង មក​ដល់​ត្រឹម​ស្តុប​កែង​ផ្លូវ​សហព័ន្ធ​រុស្សី និង​ផ្លូវ​ហាណូយ (ផ្លូវ ២០០៤) ស្ត្រី​ចំណាស់​ម្នាក់ និង​ស្ត្រី​ក្មេងៗ​ដែល​ទំនង​អាយុ​មិន​ជា​លើស​២០​ឆ្នាំ ២​នាក់ កំពុង​​តែ​ប្រយិត​ប្រតោង​កាន់​វ៉ាលីស​ធំៗ២ ប្រឹង​ទប់​ខ្លួន​កុំ​អោយ​ធ្លាក់​ពី​លើ​ម៉ូតូ​ឌុប​រាង​ចំណាស់​មួយ ។

– អ៊ំ! អ៊ំ! អ៊ំ​ទៅ​ត្រឹម​ព្រលាន​យន្ត​ហោះ​នេះ​តើ​អ្ហី? បើ​ពិបាក​ពេក​អ៊ំ​អាច​ជិះ​ជា​មួយ​ខ្ញុំ​ម្នាក់​បាន ខ្ញុំ​ជួយ​ជូន​អ៊ំ​ទៅ ។

ខ្ញុំ​សួរ​ទៅ​គាត់ តែ​គាត់​មើល​មក​ខ្ញុំ​ទំនង​ដូច​មិន​ទុកចិត្ត, ដោយ​លំបាក​ពេក​ និង​ក្រោយ​ពី​ពិភាក្សា​នឹង​កូន​ៗ​គាត់​រួច​មក គាត់​ក៏​ព្រម​ជិះ​នឹង​ខ្ញុំ ដោយ​យក​មក​ទាំង​វ៉ាលីស​ធំ​មួយ​ផង ។ ចេញ​ដំណើរ​តាម​ផ្លូវ ឆ្លង​ស្តុប​បាន​បន្តិច ខ្ញុំ​សួរ​គាត់៖

– អ៊ំ​ជូន​កូន​ឡើង​យន្ត​ហោះ​មែន​ទេ? កូន​អ៊ំ​ត្រូវ​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ក្រៅ​ហ៎​អ៊ំ?

– ចា៎, កូន​អ៊ំ​អា​ចាន់ធី​និង​ពួកម៉ាក​វា​ទៅ​ធ្វើ​ជា​កម្មករ​នៅ​កូរ៉េ ។

– ហើយ​កូន​អ៊ំ​រៀន​ភាសាកូរ៉េ​នៅ​សាលា​ណា? គេ​ធានា​អត់​អ៊ំ?

– កូន​អ៊ំ​វា​អត់​បាន​រៀន​កូរ៉េ​អី​ទេ ពួក​ម៉ាក​វា ស្រីឡៃ​ហ្នឹង​វា​អាណិត​អ៊ំ និង​កូន​អ៊ំ វា​ប្រាប់​ថា ផ្ដល់​លុយ​ទៅ​ខាង​សាលា​កខគ ហ្នឹង​៣០ដុល្លារ​ដើម្បី​អោយ​សាលា​ចេញ​លិខិត​បញ្ជាក់​ថា​រៀន​ចប់​ផ្នែក​ភាសាកូរ៉េ ហើយ​បង់​បន្ថែម​ ១២០ដុល្លារ​ផ្សេង​ទៀត​ដើម្បី​ប្រលង​ជាប់ ស្អី អា​អ៊ី​ភី​អេស​ស្អី​គេ​នោះ ដើម្បី​បាន​ទៅ​កូរ៉េ​ណា​ក្មួយ ។

– ហាក ម៉េច​អាច​ទៅ​រួច​អ៊ំ? ហើយ​បើ​កូន​អ៊ំ អត់​ចេះ​ភាសា​គេ​ចឹង វា​ទៅ​ធ្វើ​ការ​ម៉េច​នឹង​កើត?

– អ៊ំ​ថា​អញ្ចឹង​ដែរ តែ​អ៊ំ​សង្ឃឹម​ថា​ពួក​ម៉ាក​វា​នឹង​ជួយ​មើល​មុខ​មើល​ក្រោយ​វា​ហើយ​ក្មួយ​អ៊ើយ! គ្មាន​ម៉ែ​ឪ​ណា​ចង់​អោយ​កូន​ចេញ​ពី​ទ្រួង​ឆ្លង​ប្រទេស​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ក្រៅ​នោះ​ទេ តែ​វា​មាន​តែ​ចឹង ។

– បើ​សិន​ជា​វា​ទៅ​ធ្វើ​ការ​កសិកម្ម ឧស្សាហកម្ម​អី មិន​ជា​អី​ទេ តែ​បើ​វា​ទៅ​ធ្វើការ​នៅ​តាម​ផ្ទះ គេ​មិន​អោយ​ធ្វើ​ការ​ជុំ​គ្នា​ទេ ចឹង​អត់​មាន​អ្នក​ណា​មើល​អ្នក​ណា​ទេ​អ៊ំ ។

និយាយ​បាន​ត្រឹម​នេះ ក៏​ដល់​មាត់​ទ្វារ​ច្រក​ចូល​ព្រលាន​ល្មម, ខ្ញុំ​ដាក់​គាត់​ចុះ គាត់​ញញឹម ហើយ​និយាយ​ពាក្យ​អរគុណ​មក​ខ្ញុំ ។ ខ្ញុំ​មើល​ទៅ​ដំណើរ​គាត់​ដើរ​ទន្ទឹម​និង​កូន​ស្រី​គាត់​ប្រកប​ដោយ​ភាព​សប្បាយ​រីក​រាយ តែ​បង្កប់​ដោយ​ក្ដី​ទុក​ព្រួយ ។ តើ​ដោយ​សារ​តែ​អ្វី​ដែល​ខ្ញុំ​និយាយ​ ឬ​យ៉ាង​ណា? តើ​ខ្ញុំ​ក្លាយ​ជា​អ្នក​ដែល​បំផ្លាញ​សេចក្ដី​សង្ឃឹម​គាត់​ ហើយ​ឬ?

«នឹង​គ្មាន​ប្រជាជន​ណា​ម្នាក់​ស្លាប់​ដោយ​ដាច់​ពោះ​ឡើយ»

តុកាហ្វេ

ម៉ោង​ ១២:៣០ នាទី, ដូច​រាល់​ដង បន្ទាប់​ពី​បាយ​ថ្ងៃ​ត្រង់​រួច ខ្ញុំ​តែង​មក​អង្គុយ​សម្រាក​រង់​ចាំ​ដល់​ម៉ោង​១ ដែល​ជា​ម៉ោង​ធ្វើការ​ប្រចាំ នៅ​ហាង​កាហ្វេ​បងប្អូន (Anh & Em) ។ កំពុង​ក្រេប​កាហ្វេ​ទឹកកក​មួយ​កែវ​១៥០០៛ សណ្ដូក​ជើង​ត្រង់​លើ​ពំនាក់​កៅអី​មួយ​ទៀត, តម្រង់​ខ្នង​បន្តិច ហើយ​ខ្ញុំ​សម្លឹង​ទៅ​មាត់​ផ្លូវ ។ លោក​ពូ​ម្នាក់​ អាយុ​ប្រមាណ ៤០​ឆ្នាំ គ្រង់​ដោយ​សំលៀក​បំពាក់​អាវ​សាច់​កំណាត់​ក្រឡា​ឆ្នូត​ចាស់​បន្តិច និង​ខោ​ខ្មៅ រួម​ទាំង​មាន​ពាក់​ស្បែក​ជើង​ឃ្លុប​ផង​ដែរ បត់​ចូល​មក​តម្រង់​ហាង​កាហ្វេ​ ។ គាត់​ចត​ម៉ូតូ Super Cub 50 របស់​គាត់​រួច​រាល់ គាត់​ក៏​ដើរ​ចូល​មក ហើយ​ឈរ​រេរា​បន្តិច, ខ្ញុំ​ឃើញ​គាត់​ទំនង​មិន​ចង់​ចូល​ទៅ​អង្គុយ​ខាង​ក្នុង ខ្ញុំ​ក៏​ដក​ជើង​ហើយ​និយាយ​ទៅ​កាន់​គាត់ «ពូ! ពូ​អាច​អង្គុយ​ទី​នេះ​បាន​ » ។

បន្ត​ការ​អាន

ឆ្នាំទីបី

ដោយ​គ្មាន​គោលដៅ​ច្បាស់​លាស់, ដោយ​គ្មាន​ការ​ជំរុញ​ចិត្ត, ដោយ​គ្មាន​ការ​តាំង​ចិត្ត តែ​បើ​ទោះ​ជា​យ៉ាង​ណា ក៏​គិត​មក​ដល់​ឆ្នាំ​នេះ ប្លុក​ដែល​គ្មាន​ប្រយោជន៍​១​នេះ ក៏​បាន​ចំរើន​អាយុ​កាល បាន​បី​ឆ្នាំ​ហើយ ។

ដោយ​សារ​ការ​បែក​ចែក​ពេល​វេលា​មិន​បានល្អ ក៏​ដូច​ជាផល​វិបាក​ផ្ទាល់​ខ្លួន​មួយ​ចំនួន បាន​ធ្វើ​អោយ​ប្លុក​១​នេះ ហាក់​ដូច​ជា​អសកម្ម​បំផុត​ក្នុង​ឆ្នាំទី​បីនេះ ជា​រួម មាន​អត្ថបទ​ថ្មី បន្ថែម​ចំនួន​តែ ៣០ប្រកាស​តែ​ប៉ុណ្ណោះ ដូច្នេះ ខ្ញុំ​នឹង​មិន​ធ្វើ​ការ​សរុប​របាយការណ៍ វិសោធនកម្ម​ចុង​ឆ្នាំ​ដូច​រាល់​ដង​ទេ ។

អរគុណ​ចំពោះការ​ចូល​មក​អាន និង​ដាក់​រាល់​មតិវាចារ ។ សង្ឃឹម​ថា​ឆ្នាំ​ទីបួន ជាឆ្នាំ​ដែល​ខ្ញុំ​អាច​ធ្វើ​ប្លុក​នេះ ត្រលប់​មក​រក​ភាព​ប្រក្រតី​វិញ ។