ទាន និងបុណ្យ

បន្ទាប់​ពី​អាន​អត្ថបទ​នេះ​ហើយ, ប្រហែល​ជា​មាន​អ្នក​អាន​ខ្លះ​នឹង​​គិត​ថា​ ខ្ញុំ​ទំនេរ​ជ្រុលអត់​អី​ធ្វើ​អត់​អី​និយាយ ឬ ក៏​ខ្ញុំ​ជា​ទមិល​សាសនា នៅ​មិន​នៅ មក​និយាយ​រិះគន់​ទំនៀម សាសនា​ដែល​គេ​ធ្វើ​មក​រាប់​រយ​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។

អាហារ​ពោពាស​ចាក់​ធារ នា​រដូវ​បុណ្យ​កាន់​បិណ្ឌ

អាហារ​ពោពាស​ចាក់​ធារ នា​រដូវ​បុណ្យ​កាន់​បិណ្ឌ

តាម​គំនិត​មួយ​បែប​របស់​ខ្ញុំ (បើ​ទោះ​បី​ខ្ញុំ​ក៏​ជា​ពុទ្ធសាសនិកជន) ក្នុង​ចំណោម​បុណ្យ​សាសនា​ទាំង​អស់ មាន​តែ​បុណ្យ​កាន់​បិណ្ឌ ភ្ជុំ​បិណ្ឌ នេះ​ទេ​ដែល​ជា​ពិធី​បុណ្យ​ខ្ទះ​ខ្ជាយ​ជាង​គេ រួមមាន​ការ​បោះ​ចោល​នូវ​ពំនូត​បាយ ការ​ដណ្តើម​គ្នា​ធ្វើ​ម្ហូប​អាហារ​ដោយ​អំនួតជាដើម ។

ការ​ធ្វើ​បុណ្យ​ឯណា នឹង​បាន​មក​ពី​ការ​ដណ្តើម​គ្នា ការ​អួត​អាង​អំពី​ចំនួន​បរិមាណ​នៃ​ការ​ធ្វើ ការ​សំអាំង​វ៉ាងទី ម៉ៅ​ផ្តាច់​វត្ត​មួយ ពីរ ឬ ច្រើន​ សម្រាប់​ធ្វើ​តែ​ម្នាក់​ឯង ហើយ​ព្យាយាម​បិទភ្នែក ធ្វើ​ខ្វាក់ ធ្វើ​ថ្លង់​នឹង​សម្លេង​ស្រេក​ឃ្លាន​ដ៏​ពិត​ប្រាកដ​ កំពុង​ដង្ហោយ​ហៅ​ចេញ​ពី​មាត់​មនុស្ស​ដែល​ហៀប​នឹង​ដាច់ខ្យល់​ដោយ​ការ​អត់​បាយ ។

ខ្ញុំ​ចង់​អោយ​មាន​ការ​បង្វែរ​ទិស​ដៅ នៃ​ការ​ធ្វើ​បុណ្យ​ ដែល​មនុស្ស​ម្នា​សព្វថ្ងៃ​កំពុង​ត្រេកត្រអាល មក​ជា​ការ​អោយ​ទាន យ៉ាង​ពិត​ ដល់​ជន​ស្រេកឃ្លាន​ពិត ហើយ​ទទួល​បាន​នូវ​ពរពិត ។