ហេតុ​អ្វី​ពរ​បួន​ប្រការ មិនមែនប្រាំ?

នេះ​ជា​សំនួរ​ដែល​ញ៉ុម​បាន​សួរ​មក​ខ្លួន​ឯង​មួយរយៈ​ធំ​មុន ហើយ​ក៏​បាន​ធ្វើ​ការ​សាកសួរ​ទៅ​អ្នក​មាន​ចំណេះ​ដឹង​ច្រើន​ផ្នែក​អក្សរ​សាស្រ្ត និង​សាសនា​មួយចំនួន​ផងដែរ តែ​មិន​ទាន់​បាន​ទទួល​នូវ​ចម្លើយ​ដែល​ញ៉ុម​អាច​យល់​បាន​នៅ​ឡើយ​ទេ រហូត​មក​ដល់​ថ្ងៃ​ម្សិល ដែល​ញ៉ុម​បាន​ជួប​នឹង​ទំព័រ១នេះ​ដោយ​ចៃដន្យ ។

ហេតុអ្វី​បាន​ជា​យើង​ជូន​ពរ​ប្រាំ​យ៉ាង​មិន​បាន?
តើ​ការ​បន្ថែម​ពាក្យ​ថា បដិភាណៈ​នាំ​ការខូចខាត យ៉ាង​ដូច​ម្ដេច​ខ្លះ​ដល់​សង្គម​យើង​?

នេះ​ជា​ប្រធានបទ​ដែល​ប្រិយមិត្ត​យើង​ដាក់​ពិភាក្សា​ក្នុង​គេហទំព័រ​មួយ​ ចំនួន​ក្នុង​ហ្វេសប៊ុក គឺ​ពិភាក្សា​ហើយ​ពិភាក្សា​ទៀត​ច្រើន​អន្លើណាស់​​។ ហើយ​ថ្មី ៗ នេះ​​ប្រធានបទ​នេះក៏​​ត្រូវ​បាន​យក​​មក​ដាក់ផង​ដែរ​​ក្នុង​គេហទំព័រ «សព្វានុក្រម​ខ្មែរ» ដែល​ធ្វើ​ឲ្យ​មិត្ត​យើង​​នៅ​​តែ​​មាន​ចម្នាប់​អារម្មណ៍​​យ៉ាង​ខ្លាំង ហើយ​មាន​បញ្ញាវ័ន្ដ​ស្ម័គ្រ​ចិត្ត​ទាំង​ព្រះសង្ឃ និង​ប្រជាជន​ទូទៅ​ចូល​រួម​បញ្ចេញ​យោបល់​យ៉ាង​កុះករ។

តាមការពិតទៅ ទោះជា​ចង់​អោយ​ពរ​ប៉ុន្មាន​ក៏​បាន មិន​នាំ​មក​នូវ​ការខាតបង់​អ្វី​ទេ តែ​ត្រូវ​យល់​ដឹង​អំពី​អត្ថន័យ​អោយ​ច្បាស់លាស់។ មាន​បុគ្គល​មួយ​ចំនួន​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គេ​តែងតែ​ជូនពរ​អោយ​កិច្ចកម្ម​របស់​គេ​ជួប​ប្រទះ​តែ​សេចក្ដី​សម្រេច​ជោគជ័យ តើ​នេះ​ជា​ពរ​ប្រភេទ​ណា?

ក្នុង​នាម​ជា​ពុទ្ធសាសនិកជន​មួយ​រូប ខ្ញុំ​សូម​ចូល​រួម​សំដែង​ទស្សន​គតិ​ខ្លះ​ៗ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រិយមិត្ត​យើង​។ ពាក្យ​ថា «ពរ» ក្លាយ​មក​ពី​ពាក្យ​ថា «វរៈ» ដោយ​ផ្លាស់ «វៈ» ជា «ពៈ» រួម​ជា «ពរ» ហើយ​ក្លាយ​មក​ជា​ពាក្យ​ថា «ព្រះ» ដោយ​យក​ព្យញ្ជនៈ «រ» ផ្លាស់​មក​ជា​ជើង «្រ» ដែល​ប្រែ​ថា​ប្រសើរ ដែល​គួរ ប្រាថ្នា គួរ​ចង់​បាន គួរ​ជ្រើស​រើស​តាម​គាប់​ចិត្ត។ «ពរ» ក្នុង​ព្រះ​ពុទ្ធ​សាសនា​មាន​គោលការណ៍​ច្បាស់លាស់ ប្រកប​ទៅ​ដោយ​ទស្សន​ជីវិត (Philosophy of life) និង​វិធី​បដិបត្តិ (Practical Method of life) នាំ​មក​នូវ​សេចក្ដី ចម្រុង​ចម្រើន ក្នុង​ជីវិត និង​នាំ​មក​នូវ​មង្គល​ជីវិត (Blessing life) ផង​ដែរ​។ ក្នុង​វុឌ្ឍិធម៌​បាន​បញ្ជាក់​យ៉ាង​ច្បាស់លាស់​ថា​ពរ​មាន​បួន​ប្រការ «ចត្តារោ ធម្មា…» ហើយ​ក៏ មាន​គោលធម៌​ដទៃ​បាន​លើក​យក​ពាក្យ​ថា «បដិភាណ» មក​និយាយ​ផង​ដែរ ដូច្នេះ ខ្ញុំ​សូម​លើក​យក​ចំនុច​ទាំងនេះ​មក​ពិភាក្សា​តាម​ទស្សនវិជ្ជា​សាសនា។

ពរបួនប្រការ

ពរទីមួយ «អាយុ»

អាយុ​ក្នុង​ទី​នេះ​​ចង់មាន​ន័យ​ថា​អាយុ​វែង​យឺនយូរ ។ អាយុ​វែង​នេះ​មាន​សេចក្ដី​សម្ពន្ធ​និង​ពាក្យ​ថា​សុខភាព។ អ្នក​មាន​អាយុ​វែង គឺ​ជា​អ្នក​មាន​សុខ​ភាព​កាយ សុខភាព​ចិត្ត​ល្អ។

អាយុ​ក្នុង​ពរ​ទី​មួយ​គឺ​សំដៅ​លើ​ការផ្ដល់​អោយ​នូវ​ជីវិត មាន​​ន័យ​ថា​មិន​ផ្ដាច់ផ្ដិល​ជីវិត មនុស្ស​សត្វ​អោយ​ធ្លាក់​ចុះ ឬ​ការសំលាប់​សត្វ​នោះ​ឯង។

អ្នក​មាន​អាយុ​វែង​ជា​អ្នក​មាន​សេចក្ដី​មេត្តា​និង​ករុណា ប្រាស​ចាក​សេចក្ដី​ក្រោធ ព្យាបាទ មាន​សេចក្ដី​ប្រាថ្នា​ល្អ​ចំពោះ​មនុស្ស​សត្វ។ ដូច្នេះ​អ្នក​មាន​អាយុ​វែង ជា​អ្នក​ដែល៖

  • មានមេត្ដាចិត្ត
  • មិនមានសេចក្ដីបៀតបៀន
  • មិនប្រព្រឹត្តិអំពើជាអបាយមុខ
  • មិនមាននូវសេចក្ដីប្រមាទ
  • ជាអ្នកផ្ដល់នូវជីវិតដល់អ្នកដទៃ
  • មិនពង្រាត់(ផ្ដាច់នូវជីវិត)បុគ្គលជាទីស្រលាញ់របស់អ្នកដទៃ
  • ជាអ្នកមានសេចក្ដីសុខកាយ សប្បាយចិត្ត
  • មានរាង្គកាយមាំមួន ទឹកមុខស្រស់បស់។ល។

ន័យ​មួយ​ទៀត លោក​ចង់​អោយ​យើង​យល់​ដឹង​អំពី​តំលៃ​នៃ​ជីវិត «រស់​ដើម្បី​នៅ ឬ នៅ​ដើម្បី​រស់»។ រស់​ដើម្បី​ធ្វើ​នូវ​ប្រយោជន៍​ខ្លួន និង​ប្រយោជន៍​របស់​មនុស្ស​ជាតិ (សាធារណ​ប្រយោជន៍) តែ​ប្រយោជន៍​មួយ​ទៀត​ដែល​មាន​សេចក្ដី​សំខាន់​បំផុត​គឺ ការពិចារណា​នូវ​សង្ខារ «មិន​ទៀង ជា​ទុក្ខ មិន​មែន​ជា​របស់​យើង» ឬ​ពិចារណា​នូវ​សេចក្ដី​ស្លាប់​ដែល​នឹង​មាន​ដល់​បុគ្គល គ្រប់​ប្រាណ«មរណានុស្សតិ»។

ពេល​ណា​មាន​ការយល់​ដឹង​អំពី​សេចក្ដី​ស្លាប់ មនុស្ស​នឹង​មិន​មាន​សេចក្ដី​ប្រមាទ​ក្នុង​ជីវិត សេចក្ដី​មិន​ប្រមាទ​ក្នុង​ជីវិត​នាំ​មក​នូវ​សេចក្ដី​ស្រលាញ់​ក្នុង​ជីវិត សេចក្ដី​ស្រលាញ់​នូវ​ជីវិត​នាំ​មក​នូវ​សេចក្ដី​មេត្តា​ចំពោះ​មនុស្ស​ជាតិ។ ទាំង​នេះ​សុទ្ធ​តែ​ជា​កត្តា​នាំ​មក​នៅ​អាយុ​វែង តាម​ន័យ​ពរ​ទី​មួយ។

ពរទីពីរ «វណ្ណៈ»

វណ្ណៈ​ជា​ភាសា​បាលី ប្រែ​ជា​ភាសា​ខ្មែរ​ថា​ពណ៌​សម្បុរ ក្នុង​ន័យ​នេះ​សំដៅ​លើ​ការប្រដាប់ប្រដារ​គ្រឿង​តាក់តែង​រាង្គកាយ​ដោយ​ សំលៀកបំពាក់​ដើម្បី​បំបិទ​អវយវៈ ​ឬ​ការពារ​សេចក្ដី​ខ្មាស់​មិន​អោយ​កើត​ឡើយ «អ្នក​អោយ​សំលៀកបំពាក់​ឈ្មោះ​ថា​អោយ​ពណ៌» (វត្ថទោ ហោតិ វណ្ណទោ)។

វណ្ណៈ​ក្នុង​ន័យ​មួយ​ទៀត​គឺ​សំដៅ​ទៅ​លើ​ទង្វើ​ផ្នែក​សីលធម៌ អាច​និយាយ​ក្នុង​ផ្លូវ​សាសនា ថា «រក្សា​សីល» ប្រព្រឹត្ត​បដិបត្តិ​នូវ​ធម៌ ប្រាស​ចាក​អំពី​បាបកម្ម​ទាំងឡាយ​ដែល​កើត​ឡើង​ដោយ​កាយ​វាចា​និង​ចិត្ត មិន​មាន​សេចក្ដី​ក្រោធ មាន​តែ​សេចក្ដី​មេត្តា ករុណា ប្រាថ្នា​ដើម្បី​អោយ​អស់​សត្វ​មាន​ជីវិត​មាន​សេចក្ដី​សុខ ប្រាសចាក​ការបៀតបៀន​គ្នា។

អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ផ្លូវ​សីលធម៌ រមែង​មាន​នូវ​សម្បុរកាយ​ផោរផង់ ទឹកមុខ​ស្រស់​បស់ ជា​ទី​ស្រលាញ់​នូវ​អស់​មនុស្ស​ផង​គ្នា រមែង​ដេក​លក់​ជាសុខ។

ពរទីបី «សុខៈ»

សុខៈ​ជា​ភាសា​បាលី ប្រែ​មក​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​សេចក្ដី​សុខ គឺ​សេចក្ដី​សុខ​កាយ​និង​សេចក្ដី​សុខ​ចិត្ត​ ឬ​អាច​និយាយ​ផង​ដែរ​ថា​សេចក្ដី​សប្បាយ​ចិត្ត។

ក.សេចក្ដី​សុខ​ផ្លូវ​កាយ​កើត​មក​អំពី​ការចេះ​ប្រើប្រាស់​បច្ច័យ​ទាំងបួន​ (សំលៀកបំពាក់​សម្រាប់​បិទ​បាំង​រាង្គកាយ, ឧបភោគបរិភោគ​គ្រប់គ្រាន់​សម្រាប់​បំពេញ​សេចក្ដី​ស្រេក​ឃ្លាន, ទី​លំនៅ​អាស្រ័យ​សមរម្យ​និង​ស្គាល់​នូវ​វិធី​ចេះ​ថែ​រក្សា​សុខភាព ជា​ពិសេស​គឺ​ឱសថ ថ្នាំ​សង្កូវ) យ៉ាង​ត្រឹមត្រូវ។

ទន្ទឹម​នឹង​នេះដែរ យើង​អាច​ពិចារណា​ទស្សន​ក្នុង​ព្រះពុទ្ធ​សាសនា​ គឺ​​សុខ​កើត​ចេញ​ពី

  • ការពោល​ពាក្យ​សម​ស្រប​តាមកាលៈទេសៈ មាន​ហេតុផល​ជា​ពាក្យ​សំដី​ប្រកប​ដោយ​មិត្តភាព ភាតរភាព ជា​ពាក្យ​សំដី​ប្រកប​ដោយ​មធុរ​វាចា និយាយ​តែ​រឿង​ពិត ជា​ពាក្យ​សំដី​នាំ​មក​នូវ​ប្រយោជន៍ មិន​ពោល​ពាក្យ​សំលឹង​រំពៃ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ (សម្មាវាចា) ។
  • ការងារ​ដោយប្រពៃ (សម្មាកម្មន្ដ) មិន​បោកប្រាស កេងប្រវ័ញ្ញ​ទ្រព្យ​អ្នក​ដទៃ
  • ការងារ​សុចរិត ទៀង​ត្រង់​ក្នុង​ការប្រកបអាជីព​​ដ៏​ប្រពៃ (សម្មាអាជីវ)
  • ការងារ​កើត​ចេញ​អំពី​កំលាំង​កាយ កំលាំង​បញ្ញា​ជា​ពិសេស​គឺ​សេចក្ដី​ព្យាយាម​ដ៏​ត្រឹមត្រូវ​ក្នុង​ការប្រកប​អាជីព (សម្មាវាយាម)

ក្រៅ​ពី​នេះ សុខ​កើត​ចេញ​ពី​ការចាយ​ទ្រព្យ ដោយ​ចេះ​បែង​ទ្រព្យ​សម្បត្តិ​ដែល​ខ្លួន​រក​បាន​ដោយ​ប្រពៃ​ជា​ចំណែក ៗ ហើយ​អាច​និយាយ​ជា​ភាសា​សម័យ​ថ្មី​ថា​ស្គាល់​អំពី «សេដ្ឋកិច្ច​គ្រួសារ» (Family Economic) មិន​ខ្ជះខ្ជាយ​ក្នុង​ការចាយ​វាយ គឺ​ស្គាល់​ពី ចំណូល (Income) ចំណាយ (Outcome) របស់​ខ្លួន។

ទស្សន​ក្នុង​ព្រះ​ពុទ្ធ​សាសនា​បាន​បញ្ជាក់​ច្បាស់លាស់​អំពី​សេចក្ដី​សុខ ៤ យ៉ាង​គឺ៖

  1. សុខ​កើត​អំពី​ការមាន​ទ្រព្យ​សម្បតិ្ដ (អត្ថិសុខ)
  2. សុខ​កើត​អំពី​ការបរិភោគ​ប្រើប្រាស់​ចាយ​ទ្រព្យ​សម្បត្តិ (ភោគសុខ)
  3. សុខ​កើត​អំពី​មិន​ជំពាក់​បំណុល​គេ (អនណសុខ)
  4. សុខ​កើត​អំពី​ការប្រាសចាក​ទោស គឺ​ចិញ្ចឹម​ជីវិត​ដោយ​ប្រពៃ (អនវិជ្ជសុខ) ជា​ការងារ​សុចរិត។

សុខ​ចំនុច​ទី ១ និង​ទី ២ ត្រូវ​ប្រើ​សតិ និង​បញ្ញា​ជា​គ្រឿង​គ្រប់គ្រង ចំនុច​ទី ៣ អោយ​សេចក្ដី សំខាន់​លើ​សេចក្ដី​មិន​ប្រមាទ​ក្នុង​ការចាយ​ទ្រព្យ​សម្បត្តិ ក្នុង​ទស្សន​នេះ​អាច​ស័ម្ពន្ធ​ចូល​ក្នុង​ទ្រឹស្ដី «សន្ដោស» មិន​ច្រើន មិន​តិច​គឺល្មម (Sufficient Economic) គឺ​ស្គាល់​អំពី​កំលាំង​ប្រកប អាជីវ​របស់​ខ្លួន ចំណែក​ចំនុច​ទី ៤ គឺ​យក​ចិត្ត​ទុក​ដាក់ ស្មោះ​ត្រង់ សុចរិត​លើ​ការងារ​របស់​ខ្លួន គ្រប់​កិច្ចការ​ទាំងអស់​សុទ្ធ​តែ​មាន​តំលៃ លើកលែង​ការងារ​ទុច្ចរិត។

ខ.សេចក្ដី​សុខ​ផ្លូវ​ចិត្ត ក្នុង​លោកាភវិឌ្ឍន៍​នេះ យើង​មិន​អាច​បដិសេធ​បាន​ទេ​រឿង​បញ្ហា​ផ្លូវ​ចិត្ត សង្គម​លោក​កាន់​តែ​រីក​ចំរើន បញ្ហា​ផ្លូវ​ចិត្ត​កាន់​តែ​រីក​បោង​ឡើង​ជា​បន្ដ​បន្ទាប់ បញ្ហា​ទាំង​នោះ​អាច​និយាយ​បាន​ដែរ​ថា​មក​ពី​សំពាធ​នៃ​សង្គម សេដ្ឋកិច្ច និង​នយោបាយ តែ​អ្វី​ដែល​គួរ​គិត​ពិចារណា គឺ​តើ​យើង​រស់​ក្នុង​សំពាធ​នេះ​បាន​យ៉ាង​ដូចម្ដេច? តើ​សាសនា​មាន​តួ​នាទី​យ៉ាងណា​ក្នុង​ការអប់រំ​ផ្លូវ​ចិត្ត?

ជា​ការពិត​ណាស់ សាសនា​មាន​តួ​នាទី​សំខាន់​បំផុត​ក្នុង​ការអប់រំ​ផ្លូវ​ចិត្ត ជា​ពិសេស​គឺ​ក្នុង សង្គម​ខ្មែរ​យើង​ដែល​គោរព​រាប់អាន​ព្រះ​ពុទ្ធ​សាសនា។ ទ្រឹស្ដី​ព្រះ​ពុទ្ធ​សាសនា​ផ្ដោត​អារម្មណ៍ ជា​ចម្បង​លើ​ផ្លូវ​ចិត្ត ទាំង​វិធី​អប់រំ និង​វិធី​កែ​បញ្ហា​ភាពតានតឹង​ក្នុង​ផ្លូវ​ចិត្ត។ ទ្រឹស្ដី​នោះ​មាន​ច្រើន​ណាស់ តែ​យើង​អាច​ជ្រើស​រើស​តាម​សេចក្ដី​ត្រូវការ​របស់​យើង ហើយ​ក៏​អាច​បន្សាត់​បង់​នូវ​ភាពតានតឹង​បាន ទ្រឹស្ដី​ទាំង​នោះ​ដូច​ជា សមាធិ (សមត្ថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន) និង​សតិប្បដ្ឋាន ជាដើម។

ដូច្នេះ​ខ្ញុំ​នឹង​មិន​ចូល​ជ្រៅ​ផ្នែក​ទស្សន​វិទ្យាចិត្ដ​​ក្នុង​​សាសនា (Philosophy of Mind in Religion) ឬ​ចិត្ត​វិទ្យា (Psychology) តែ​សូម​ជំរាប​ថា សុខ​កើត​ចេញ​អំពី​ការអប់រំ​ផ្លូវ​ចិត្ត ជា​អតិម​សុខ គឺ​មិន​បៀតបៀន ចង់​ព្យាបាទ ជា​ចិត្ត​ប្រកប​ដោយ​មេត្តា អាច​និយាយ​ដោយ​ខ្លី​គឺ​អមិសសុខ​កើត​ចេញ អំពី​ការមិន​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ អាច​និយាយ​បាន​ផង​ដែរ​ថា​សុខ​កើត​ចេញ​ពី​ការរក្សា​សីល​ប្រាំ​នេះ​តែ​ម្ដង។

ពរទីបួន «ពលៈ»

ពលៈ​ជា​ភាសា​បាលី ប្រែ​មក​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​កំលាំង ហើយ​កំលាំង​នេះ​បែង​ជា​ពីរ​គឹ​កំលាំង​កាយ និង​កំលាំង​បញ្ញា។

១.កំលាំង​កាយ បាន​ដល់​ការជួយ​ឧបត្ថម្ភ​ផ្នែក​ឧបភោគ​បរិភោគ​ឬ​ស្បៀង​អាហារ​ដល់​អ្នក​ដែល​ ខ្វះខាត ដូច្នេះ អ្នក​អោយ​មាន​ន័យ​ថា​អោយ​នូវ​កំលាំង ឬ​អោយ​នូវ​ជីវិត។

២.កំលាំង​បញ្ញា​ជា​គុណជាតិ​ដឹង​មួយ​ដ៏​ល្អ គឺ​ល្អ​ជាង​អ្វី​ៗ​ទាំអស់ ជីវិត​រស់​ដោយ​បញ្ញា ជា​ជីវិត​ប្រសើរ ហើយ​បញ្ញា​នេះ​ទទួល​នូវ​ចំណេះ​ចេះ​ដឹង ឬ​ទទួល​បាន​នូវ​ចំណេះ​ពី​ប្រភព​ដទៃ ដែល​អាច​និយាយ​ផង​ដែរ​ថា​ជា​ពូជ​នៃ​បញ្ញា ដូច្នេះ​បញ្ញា​កើត​ពី៖

  • ស្ដាប់​ដោយ​ល្អ តាំង​ចិត្ត​សិក្សា​ពិត
  • គិត​អោយ​យល់​តាម​ហេតុផល
  • គិត​មិន​យល់​ត្រូវ​សួរ​អ្នក​ដទៃ
  • តក់ត្រា​ចំណាំ​ទុក​នូវ​គោល​សំខាន់​ៗ
  • ប្រកប​ព្យាយាម​បដិបត្តិ​ក្នុង​ផ្លូវ​បញ្ញា​។ល។

នេះ​ជា​អត្ថន័យ​ខ្លះ​ៗនៃ​វុឌ្ឍិធម៌ (ពរ) ទាំង​បួន​ដែល​បាន​បក​ស្រាយ​មក​ខាង​លើ លោក​បាន​បន្ថែម​ទៀត​ថា សេចក្ដី​សម្រេច​ក្នុង​ជីវិត​ក្រៅ​ពី​បដិបត្តិ​តាម​ខាង​លើ​ហើយ ត្រូវ​មាន​សេចក្ដី គោរព​កោតក្រែង​ដល់​បុគ្គល​ជា​អ្នក​មាន​សេចក្ដី​ចំរើន​ដោយ​គុណមាន​សីល​គុណ​ ជាដើម ឬ អ្នក​ដែល​ចំរើន​ដោយ​វ័យ​គឺ​ចាស់​ព្រឹទ្ធាចារ្យ។

ពរ​ទី​ប្រាំ

ចំណែក​ពរ​មួយ​ទៀត​ដែល​សង្គម​ខ្មែរ​យើង​ធ្លាប់​បាន​លឺ ឬ​ធ្លាប់​បាន​ទទួល​ពី​ការអោយ​ពរ​ពី​ព្រះ​សង្ឃ​ក្ដី ចាស់​ព្រឹទ្ធាចារ្យ​ក្ដី នោះ​​គឺបដិភាណ (អានថា បដិភាណៈ) ថ្វី​ត្បិត​តែ​មិន​មាន​ក្នុង​វុឌ្ឍិធម៌ តែ​ក៏​មាន​នៅ​ក្នុង​គោលធម៌​ដទៃ​ទៀត​ដែរ។

បដិភាណ​ប្រែ​ថា សេចក្ដី​ឈ្លាស​វាងវៃ កើត​ចេញ​ពី៖

  1. ព្យាយាម​សិក្សា​រក​ចំណេះ​ចេះ​ដឹង ដោយ​មិន​មាន​នូវ​សេចក្ដី​ប្រមាទ
  2. អាច​ឆ្លើយតប​នឹង​បញ្ហា​បាន ជា​ពិសេស​រាល់​ការឆ្លើយតប​ត្រូវ​ប្រកប​ដោយ​មេត្តា​ដើម្បី​ផ្ដល់​នូវ​ពត៌មាន ឬ​ចំណេះ​ដល់​អ្នក​ដទៃ​អោយ​កាន់​តែ​យល់​ច្បាស់
  3. បញ្ញា​វាងវៃ​ក្នុង​ការដំណើរ​ជីវិត​រំលត់​ផុត​នូវ​សេចក្ដី​ទុក្ខ អាច​ហៅ​ថា​បរិមត្ថ​បញ្ញា។

នេះ​ជា​អត្ថន័យ​ក្នុង​ការអោយពរ«បដិភាណ»៕

ចម្លង​ទាំង​ស្រុង​ចេញ​ពី ៖

ពុទ្ធពរ ទាំង​ប្រាំ​​ប្រការ

33 thoughts on “ហេតុ​អ្វី​ពរ​បួន​ប្រការ មិនមែនប្រាំ?

  1. បង! ញ៉ុមធ្លាប់លឺគ្រូខ្ញុំប្រាប់ថា បើចង់និយាយថា “ពុទ្ធពរ” គឺមានតែ៤ប្រការទេ។ តែបើនិយាយថា “ពរ” គឺមានប្រាំប្រការ។
    មួយទៀតគឺនិយាយពីសុខ៖ បើតាមសៀវភៅខ្ញុំរៀនវិញ សុខតាមពុទ្ធសាសនាមានដល់ទៅ៥ ប្រការឯណោះ មិនមែន ៤ប្រការទេ។
    ១. សេចក្តីសុខនឹងមាន ទ្រព្យសម្បត្តិ ធនធាន មាសប្រាក់
    ២. សេចក្តីសុខនឹងបានប្រើប្រាស់ទ្រព្យធនរបស់ខ្លួន
    ៣. សេចក្តីសុខដោយមិនជំពាក់បំណុលគេ
    ៤. សេចក្តីសុខដោយពុំមានទោស និង ជំងឺតម្កាត់
    ៥. សេចក្តីសុខដោយបានសន្តិភាព សន្តិសុខ និង គ្មានអំពើហិង្សា។

    • ខ្ញុំ​កើត​មក​ដឹង​ក្តី​ក៏​ដឹង​ថា​មាន​ប្រាំទៅហើយ, មិន​ដឹង​ថា​វា​បានផ្លាស់ពីបួន​ពីជំនាន់ណា ហើយ​យ៉ាងម៉េច​បាន​ជា​ប្តូរទៅជាប្រាំ ហើយមកបួនវិញនោះទេ ។

  2. ការជូនឬប្រទានពរ ឬក៏សុំពរ ត្រូវមានតែប្រាំ (៥) ទេ !
    គឺ I. នយោបាយ II. សេដ្ឋកិច្ច III. វប្បធម៌ IV. សង្គមកិច្ច V. សន្តិសុខ តែប៉ុណ្ណឹងឯង មានអីទៀត ?

  3. ចង់បានស្រីស្អាត លុះតែស្រីនោះ ប្រកបដោយអង្គ ៥ ហើយអ្នកចង់បាននោះក៏ ប្រកបដោយអង្គ ៥ ដែរទើបបាន ។ ហើយស្រា, លុយ, ឡាន និងវិឡា ក៏ត្រូវប្រកបដោយអង្គប្រាំ (៥) ហ្នឹងដែរ ទើបបាន បើមិនដូច្នោះទេ គ្មានផ្លូវទេ !

  4. អ្នកណាយកអីយកទៅ ខ្ញុំសុំតែសំណាងល្អបានហើយ។
    តែមានសំណាងល្អហើយ អាយុក៏វែង ចង់បានអីបាន បើស្ថិត
    ក្នុងស្ថានភាពលំបាកក៏បានរូចខ្លួនវិញ …ព្រោះមានសំណាងល្អ 🙂

    ចំណែករឿងពរ បួនប្រការ ប្រាំប្រការនោះ មិនចាំបាច់ឆ្ងល់អីច្រើនទេ
    ចាំស្ដាប់សង្កេតមើលទៅ អោយតែ៤គឺខាងបក្សស៊ីភីៗហើយ ក្រៅ
    ពីនឹង ៥ប្រការច្រើនតែពួកអ្នកប្រឆាំង …គ្រាន់តែការអោយពរគ្នាក៏
    ដូចជាប្រឆាំងគ្នាដែរ ។ ១អាយុវែង ២រូបកាយស្អាតមានប្រាក់បុណ្យសក្តិ
    ៣បានសុខបានសប្បាយ ៤មានសុខភាពល្អកម្លាំងមាំមួន ៥មានចំណេះ
    ប្រាជ្ញាឆ្លាត …ថែមប៉ុន្មានទៀតក៏នៅមិនស្មើនឹងមានសំណាងល្អដែរ គឺ
    វាគ្របដណ្ដប់អ្វីៗល្អៗដែលមនុស្សប្រាថ្នាចង់បានទាំងអស់ 🙂

  5. គេដូរមក៤ប្រការក្នុងសម័យលោក ហ៊ុន សែនឡើងកាន់អំណាច។ គេអត់ហ៊ាន
    ជូនពរទី៥ បដិភាណ ដែលមានន័យថាបញ្ញាវាងវៃ ទៅគាត់ទេព្រោះខ្លាចគាត់អាក់
    អន់ចិត្ត។ គេមិនចង់អោយលោក ហ៊ុន សែន ឬអ្នកមានអំណាចដទៃគិតថា (អញ
    គ្មានបញ្ញាវាងវៃទេអីបានចាំបាច់អោយពរអញមានបញ្ញាវាងវៃ ពរទី៥ បដិភាណ?)

    តាមការពិតពរទី៥ បដិភាណ គឺគេចង់អោយយើងនៅមានការចងចាំទោះរស់ដល់
    អាយុ១០០ឆ្នាំក៏ដោយក៏នៅតែមានបញ្ញាវាងវៃ មិនវង្វែងស៊ីអាចម៍ផងខ្លួន នៅ
    ស្គាល់នៅចាំបង ចាំប្អូន ចាំកូន ចាំចៅ។ល។

  6. ខ្ញុំជឿថា សំណាងល្អ វាអាស្រ័យទៅលើអំពើ ដែលយើងបានប្រព្រឹត្តដែរ ! មែនទេ ? លុះត្រាតែយើង មានចលនា មានទ្រព្យសម្បត្តិ មានតម្រិះចេះដឹង មានសុខភាពល្អ និងសន្តិសុខគ្រប់គ្រាន់ បើមិនចឹងទេ ប្រហែលគ្មានសំណាង ទេ ! មែនទេ ? ខ្ញុំជឿថា សំណាង វាអាចមានបានដោយសារ ហេតុផល គឺមិនមានដោយ ឥតហេតុផលទេ ! មែនទេ ?

  7. អាយុ – អាយុវែង អាយុយឺនយូ
    វណ្ណៈ – ព័ណិ សម្បុរស្រស់ថ្លា
    សុខៈ – បានសេចក្តីសុខសប្បាយ
    ពលៈ – កម្លាំងមាំមួន
    បដិភាណៈ – បញ្ញាវាងវៃ មានការចងចាំយូអង្វែង ជារៀងរហូត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s