តុកាហ្វេ

ម៉ោង​ ១២:៣០ នាទី, ដូច​រាល់​ដង បន្ទាប់​ពី​បាយ​ថ្ងៃ​ត្រង់​រួច ខ្ញុំ​តែង​មក​អង្គុយ​សម្រាក​រង់​ចាំ​ដល់​ម៉ោង​១ ដែល​ជា​ម៉ោង​ធ្វើការ​ប្រចាំ នៅ​ហាង​កាហ្វេ​បងប្អូន (Anh & Em) ។ កំពុង​ក្រេប​កាហ្វេ​ទឹកកក​មួយ​កែវ​១៥០០៛ សណ្ដូក​ជើង​ត្រង់​លើ​ពំនាក់​កៅអី​មួយ​ទៀត, តម្រង់​ខ្នង​បន្តិច ហើយ​ខ្ញុំ​សម្លឹង​ទៅ​មាត់​ផ្លូវ ។ លោក​ពូ​ម្នាក់​ អាយុ​ប្រមាណ ៤០​ឆ្នាំ គ្រង់​ដោយ​សំលៀក​បំពាក់​អាវ​សាច់​កំណាត់​ក្រឡា​ឆ្នូត​ចាស់​បន្តិច និង​ខោ​ខ្មៅ រួម​ទាំង​មាន​ពាក់​ស្បែក​ជើង​ឃ្លុប​ផង​ដែរ បត់​ចូល​មក​តម្រង់​ហាង​កាហ្វេ​ ។ គាត់​ចត​ម៉ូតូ Super Cub 50 របស់​គាត់​រួច​រាល់ គាត់​ក៏​ដើរ​ចូល​មក ហើយ​ឈរ​រេរា​បន្តិច, ខ្ញុំ​ឃើញ​គាត់​ទំនង​មិន​ចង់​ចូល​ទៅ​អង្គុយ​ខាង​ក្នុង ខ្ញុំ​ក៏​ដក​ជើង​ហើយ​និយាយ​ទៅ​កាន់​គាត់ «ពូ! ពូ​អាច​អង្គុយ​ទី​នេះ​បាន​ » ។

បន្ទាប់​ពី​អង្គុយ​ចុះ មិន​បាន​ប៉ុន្មាន អ្នក​លក់​ដើរ​មក​ជិត «កាហ្វេ​សឿ​ដា» គាត់​និយាយ​ទៅ​អ្នក​លក់​ប្រាប់​ថា​គាត់​ចង់​បាន​កា​ហ្វេ​ទឹក​ដោះ​គោ​ទឹកកក ។ ខ្ញុំ​មើល​ទៅ​គាត់​ ដែល​កំពុង​តែ​ហូប​កាហ្វេ ហើយ​គិត​ក្នុង​ចិត្ត​ថា មិន​ដឹង​ជា​ត្រូវ​និយាយ​អ្វី​នឹង​គាត់​ព្រោះ ភាគ​ច្រើន​គេ​មក​ទីនេះ​ដើម្បី​ហូប​កាហ្វេ និង​លេង​អុក ។ ខ្ញុំ​សួរ​ទៅ​គាត់ «ពូ​ជា​ប៉ូលិស​ចរាចរណ៍​មែន​ទេ?» , ហៀប​នឹង​ដក​បារី​អាឡាំង​ដឺ​ឡុង​មក​អុច​ជក់ គាត់​ឆ្លៀត​ឆ្លើយ​មក​ខ្ញុំ «បាទ, ហើយ​ម៉េច​ប្អូន​ដឹង?» គាត់​ហៅ​ខ្ញុំ​ថា​ “ប្អូន” ទំនង​គាត់​ចង់​អោយ​ខ្ញុំ​និយាយ​ទៅ​គាត់​ដោយ​មិន​សូវ​ជា​ប្រកាន់​អាយុ​ពេក ។ «អាច​និយាយ​ថា​ជា​បទ​ពិសោធន៍​ខ្ញុំ​ក៏​បាន តែ​ខ្ញុំ​ច្រើន​តែ​ឃើញ​អញ្ចឹង ប៉ូលិស​ចរាចរណ៍​ គាត់​តែង​គ្រង​អាវ​ដៃ​វែង​មួយ​ជាន់​ពី​លើ​ឯក​សណ្ឋាន​របស់​គាត់ នៅ​ម៉ោង​ពេល​ក្រៅ​ភារកិច្ច ដូច​ដែល​ពូ​កំពុង​តែ​ពាក់​ដូច​នេះ​​ឯង», គាត់​ញញឹម​ហើយ​តប​មក​ថា «មិន​មែន​អា​ក្អូន​ឯង​ត្រូវ​ប៉ូលិស​ចាប់​ញឹក​ឯណា​ហ្អី?» ។

ក្រោយ​ពី​ផា​គ្នា​ទៅ​វិញ​ទៅ​មក​មួយ​ពេល​ខ្លី ខ្ញុំ​ធ្លោយ​សួរ​គាត់​អំពី​ចម្ងល់​ខ្លះ ហើយ​ប្រហែល​ជា​ស៊ី​ជម្រៅ​ពេក​ទៅ​ក្នុង​ជីវិត​គាត់​ផង​មិន​ដឹង «ខ្ញុំ​ឆ្ងល់ ពូ​ជា​ប៉ូលិស​ចរាចរណ៍​ដែរ តែ​មើល​ទៅ​ពូ​ដូច​មិន​ធូរធារ ដូច​ប៉ូលិស​ចរាចរណ៍​មួយ​ចំនួន​ធំ​សោះ», គាត់​សើច​តិចៗ​ហើយ​និយាយ «មើល​សាច់​ឈាម​បង​មើល, ខ្មៅៗ​​ស្វិតៗ​ចេះ ឯណា​មាន​ ឯណា​បាន​នោះ!» ។ ហឺត​បារី​មួយ​ដង្ហើម​ហើយ​គាត់​បន្ត «បង​ចូល​ធ្វើ​ការ​តាំង​ពី​មុន​ឆ្នាំ​២០០០, តាំង​តែ​ពី​ប៉ូលិស​រក​មិន​សូវ​បាន ។​ កាល​ហ្នុង​បង​ចូល​ធ្វើ​ការ​ដោយ​សារ​តែ​រក​ការ​ងារ​ធ្វើ​មិនបាន​បន្ទាប់​ពី​មក​ពី​ស្រុក ចូល​មក​ភ្នំពេញ​សំដៅ​មក​រក​ការងារ​ធ្វើ ចៃដន្យ​ស្គាល់​មិត្ត​ភក្តិ​ដែល​គេ​ធ្វើ​ប៉ូលិស​ស្រាប់​ហើយ​គេ​ក៏​ជួយ​បង​អោយ​ចូល​ធ្វើ​ទៅ» ។ «ហើយ​អស់​លុយ​អត់​ពូ?» ខ្ញុំ​ឆ្លៀត​ឈ្លេច​សួរ, «អឺ អស់​ម៉ា​ស្រវឹង​ហ្នឹង​ឯង» គាត់​ឆ្លើយ «មិន​ដូច​ក្មេងៗ​ទើប​ចូល​ក្រោយ​ៗ​នេះ​ទេ ម៉ែ​ឪ​វា​មាន​ស្រាប់ អោយ​ពួក​វា​រៀន​ក៏​បាន​ច្រើន តែ​មិន​ដឹង​ជា​ស្អី​វា សូក​គេ​អស់​ ២ ៣ពាន់ ដើម្បី​ចូល​ធ្វើ​ប៉ូលិស​នឹង​គេ​ដែរ អា​នេះ​នៅ​មិន​ទាន់​បូក​អា​លុយ​អោយ​មេ​​រាល់​ខែ​ដើម្បី​បាន​កន្លែង​គ្រាន់​ស្រង់​ដើម​វិញ​ផង​ណា៎​អា​ក្អូន!» ។

ឃើញ​កៀក​ម៉ោង​ចូល​ធ្វើ​ការ​ ខ្ញុំ​ហៅ​អ្នក​លក់​គិត​លុយ, «ចុះ​ពូ​មិន​អោយ​គេ​ទទួល​ទាន​ គ្រាន់​នឹង​រក​កន្លែង​ធូរធារ​ហ្នឹង​គេ​ទៅ?», «វា​មិន​ចេះ​តែ​ស្រួល​អញ្ចឹង​ទេ​អា​ក្អូន​អ៊ើយ! ម្យ៉ាង​បង​វា​មិន​ចង់​អោយ​គេ​ជេរ​មុខ​ជេរ​ក្រោយ ស្មាន​តែ​បង​មិន​ដឹង​ថា​គេ​មាន​ទស្សនៈ​ចំពោះ​ប៉ូលិស​ម៉េច​ហី? ណា​ម្យ៉ាង​បង​មិន​ចង់​ទៅ​ទ្រ​ក្មេងៗ​អាយុ​ប្រហែល​កូន, ធ្វើ​ការ​ជា​មួយ​វា​ វា​និយាយ​គ្មាន​ស្គាល់​យើង​ចាស់ ស្គាល់​យើ​ង​សេរី​មុន​សេរី​ក្រោយ​ស្អី​ទេ» ។ «អស់ ប៊ូន​ប៉ន​ហ្វេម ប៊ូ!» អ្នក​លក់​មក​ដល់ គិត​យក​ទាំង​ពីរ​កែវ​បូក​ថែម​បារី​អាឡាំង​ដឺ​ឡុង​៥០០៛ ហើយ​ស្រេច​ដោយ​មិន​បាច់​ខ្ញុំ​ប្រាប់ ដូច​ដឹង​ចិត្ត​ខ្ញុំ​ថា​ចង់​ប៉ាវ​ពូ​ប៉ូលិស​យើង​អញ្ចឹង, ខ្ញុំ​ហុច​លុយ​អោយ​អ្នក​លក់ ហើយ​ញញឹម​ដោយ​និយាយ​ទៅ​កាន់​គាត់ «អរគុណ​ហើយ​ពូ! » ។

អាន​ផង​ដែរ៖ ប៉ូលិស​សុំ​ស្គាល់

About these ads

8 thoughts on “តុកាហ្វេ

    • ហេសហេសហេស… ពូ​ឆុកឆែ​អ៊ើយ! ញ៉ុម​លួច​ទៅ​រៀន​តែង​រឿង​ខ្លី​ពី​ប្អូន​ប្រុស​តូច​ Rain Ai ហ្នឹង​ណា៎! រៀន​ប៉ុណ្ណឹង​ហើយ​នៅ​តែ​អត់​រីក​ចំរើន​ទៀត​ញ៉ុម!

      • ខ្ញុំ​សូម​​សរសើរ និង​ជួយ​លើក​ចិត្ត​​អោយ​ខំ​ប្រឹង​បន្ត​​​ទៀត…។ ចូរ​ខំ​រក​នឹក​សរសេរ​ពី​តថភាព​​ក្នុង​សង្គម​យើង​បែប​នេះ​ទៀត​ទៅ​ ទើប​​បាន​មាន​តំលៃ… កុំ​ទំលាប់​ស្រង់​យក​ព័ត៌មាន​តាម​កាសែត​ក្នុង​ស្រុក​ វា​មិន​មាន​តំលៃ​សំរាប់​បុគ្គល​ខ្លួន​យើង​នៅ​ទី​នេះ​​ឡើយ ព្រោះ​ថា យើង​គ្រប់​គ្នា​តែង​តែ​ស្អប់ និង​ជេរ​បញ្ចោរ​ពួក​អ្នក​និពន្ធ​បទ​ចំរៀង​សម័យ​នេះ​​ថា ពូកែ​លួច​ចំឡង​បទ​ចំរៀង​​គេ​យក​មក​ធ្វើ​ជា​របស់​ខ្លួន… ដល់​ខ្លួន​ឯង​វិញ បែរ​ជា​ធ្វើ​​ខ្លួន​ជា​​អ្នក​​ចំឡង​អត្ថបទ​គេ​ទាំង​ដុល ដោយ​មិន​ចេះ​អៀន​ខ្មាស់​​សោះ… អូយ!… ខ្មាស់​គេ​ណាស់…

  1. «អស់ ប៊ូន​ប៉ន​ហ្វេម ប៊ូ!» អ្នក​លក់​មក​ដល់ គិត​យក​ទាំង​ពីរ​កែវ​បូក​ថែម​បារី​អាឡាំង​ដឺ​ឡុង​៥០០៛ ….. អត់ទេ …. ខុសហើយ….. បា សូ ណាំ…… បារី ៥៥៥ ណា៎ ចា៎ ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s