«អូនសម្លាញ់! បងមកវិញហើយ…»
វុទ្ធីស្រែកហៅប្រពន្ធពេលត្រឡប់ពីធ្វើការហើយដើរចូលក្នុងផ្ទះ ។ថ្ងៃនេះក្នុងផ្ទះមានសភាពស្ងាត់ជ្រងុំ, ភ្លើងមិនបានបើកដូចធម្មតា តែគេអាចមើលឃើញតុហូបបាយ១នៅកណ្តាលបន្ទប់ ដោយមានដុតទៀនបំភ្លឺនៅកណ្តាលតុ ។ មែនហើយ, ថ្ងៃនេះគឺថ្ងៃទី ១៤ កុម្ភៈ ដែលជាថ្ងៃបុណ្យនៃក្តីស្រឡាញ់ ។
«ស្វាគមន៍បងសម្លាញ់, អូនមានរបស់ភ្ញាក់ផ្អើលប្រគល់អោយបង!» កល្យាន ប្រពន្ធរបស់វុទ្ធីបានឆ្លើយតបនឹងសម្លេងហៅរបស់ប្តីព្រមទាំងយកដៃបាំងភ្នែករបស់វុទ្ធី ។
«ស្អីគេទៅ? អីយ៉ា ប្រពន្ធបងឥលូវចេះធ្វើអោយបងភ្ញាក់ផ្អើលទៀត! បងក៏មានរបស់ជូនអូនដូចគ្នា ។»
ស្របពេលនឹងដៃរបស់កល្យានបានរបើកចេញពីភ្នែករបស់វុទ្ធី, គេអាចមើលឃើញប្រអប់ពណ៌ស្វាយចងដោយបូរពណ៌សរតួចមួយនៅក្បែរចានបាយ ។
«អាហ៎!!!» វុទ្ធីស្រែកទាំងភ្ញាក់ផ្អើល, ទេ! វុទ្ធីមិនមែនភ្ញាក់ផ្អើលនឹងកាដូនោះទេ, តែគេបែជាភ្ញាក់ផ្អើលនឹងរូបរាងរបស់ប្រពន្ធគេទៅវិញ ។ ប្រពន្ធដ៏ស្រស់ស្អាតរបស់គេដែលធ្លាប់តែមានសក់ដ៏ខ្មៅរលោងរលាស់ដូចទឹករលក ត្រលប់មកជាក្បាលសឹងតែគ្មានសក់ ។
«នេះ…! នេះជា…» វុទ្ធីនិយាយមិនចេញម្តងទៀត ដោយអ្វីនៅក្នុងកាដូនោះ គឺជាខ្សែរនាឡិការដែលគេចង់បានយូរមកហើយ, វាសម្រាប់ដាក់ជំនួសនូវខ្សែរនាឡិការមាសកេរ្តិ៍ឪពុករបស់វុទ្ធីដែលខូចមកជាច្រើនឆ្នាំមកហើយ ។
«ចា៎, ជាខ្សែរនាឡិកា ។ អូនគិតថាចង់ទិញអោយបងយូរហើយ, តែអូនគ្មានចំណូលសម្រាប់គ្រួសារសោះ ទើបតែ…»
«តែវាថ្លៃណាស់, ហើយតើអូនបានលុយពីណា? ចុះសក់អូន? កើតអី?» វុទ្ធីសួរកាត់ទាំងកល្យាននិយាយមិនទាន់ចប់ ។
«អ៎? អូនកាត់វា,មិត្តភក្តិអូនម្នាក់បានណែនាំអោយអូននូវកន្លែងមួយដែលអាចអោយអូនប្តូរម៉ូដសក់បាន ហើយបានប្រាក់បន្ថែមទៀតផង! យ៉ាងម៉េចដែរ អូនស្អាតទេ?» កល្យានញញឹមឆ្លើយតប ។
ទោះបីបន្ទប់ងងឹតបន្តិច, តែគេអាចមើលឃើញដុំភ្លឺៗតូចៗលើមុខកល្យាន, នោះគឺទឹកភ្នែក ។ វុទ្ធីដឹងយ៉ាងច្បាស់ថាប្រពន្ធរបស់គេស្រឡាញ់សក់ខ្លាំងណាស់, គេចាំថា នាងធ្លាប់ប្រាប់ថានាងធ្លាប់ឈ្លោះជាមួយម្តាយរឿងបង្ខំអោយកាត់សក់, និងធ្លាប់លក់របស់ជាទីស្រឡាញ់ផ្សេងៗដើម្បីដង្កៀបកៀបសក់ ។
«ស្អាត! អូនស្អាតជានិច្ចក្នុងកែវភ្នែករបស់បង! អរគុណ…! បងអរគុណណាស់!» វុទ្ធីឆ្លើយតបទាំងរលីងរលោងដោយទឹកភ្នែក ។
«បង, ចុះបងថាមានអីអោយអូនដែរនោះ!?» កល្យានជូតទឹកភ្នែកខ្លួនឯង ហើយសាកសួរទៅប្តីទាំងអរ ។
«បាទ, គឺ…» វុទ្ធីលូកដៃចូលហោប៉ៅអាវ ហើយទាញយកប្រអប់ពណ៌ទឹកប្រាក់ ហើយហុចអោយប្រពន្ធ ។ ផែនថ្ពាល់កល្យានដែលបានស្ងួតទៅហើយ បែជាត្រូវជោកជាំដោយទឹកភ្នែកម្តងទៀតនៅពេលបានបើកមើលកាដូរបស់ប្តី ។
«គឺដង្កៀបសក់ប្រាក់ដាំត្បូងដែលអូនចូលចិត្ត, អូនមិនដែលប្រាប់បងទេ ម៉េចបងដឹង?» កល្យានសួរទាំងអណ្តឺតអណ្តក «ហើយវាថ្លៃណាស់, តាមអូនដឹង ប្រាក់ខែបង បានយកមកទូទាត់ចំណាយក្នុងផ្ទះសឹងតែអស់ហើយ, ចុះបងបានប្រាក់ពីណា?»
វុទ្ធីញញឹម ហើយឆ្លើយតប «បងលក់តួរនាឡិការរបស់ឪពុកបងបាត់ហើយ, អ្វីដែលធ្វើអោយបងដឹងថាអូនចូលចិត្តដង្កៀបនេះ ហើយបងដឹងថាអ្វីដែលធ្វើអោយអូនដឹងថាបងត្រូវការខ្សែរនាឡិការ គឺថ្ងៃដែលយើងដើរកាត់ហាងលក់គ្រឿងអលង្ការនោះហើយ!»
ទាំងពីរនាក់ដាក់ប្រអប់កាដូរចុះ ហើយអោបគ្នាដោយហួសចិត្ត ។ អាហារពេលល្ងាចថ្ងៃពិសេសមួយនេះ ធ្វើអោយប្តីប្រពន្ធមួយគូរនេះមានអារម្មណ៍ថាពួកគេពិតជាយល់ចិត្តគ្នា(ជ្រុល)មែន ។
___________________________
សម្រួល និងសរសេរឡើងវិញ (តាមចាំ
) ពីរឿងបរទេសមួយដែលធ្លាប់បានអាន ។
ឡូយតើ! ពិសេសមែនសំរាប់អ្នកមានគ្រួសារ!
សរសេរតាមការដែលនឹកឃើញរ៉េ!
អណ្តែតអណ្តូងបស់គេហ្ន៎ ! ពិសេសមែនលោកក្មេងស្រែអត្ថបទនេះត្រូវចិត្តខ្ញុំម៉ាច់ហ្មង ។ តែពេលអានចប់ខ្ញុំបែរជាចង់សើចទៅវិញ ។
ហាសហាសហាស បើចង់សើចក៏សើចទៅ, ហើយបើអណ្តែតអណ្តូង កុំអី! ចងជើងអោយជាប់ក្រែងហោះទៅបាត់!
អូ! រឿងល្អ មើលសឹងស្រក់ទឹកភ្នែក!
LOL merl hai ham kloun eng ott laugh min bannnnn, komsot phorng funny phorng.. jes tah mean morng…
ក្នុងលោកនេះ អីក៏មានដែរ!
ចង់ស្រក់ទឹកភ្នែកតាមតួរប្រុសស្រីទាំងពីរ
មានអី សម្រួលបានល្អតើ! មានលក្ខណៈខ្មែរ។ រឿងដើមរបស់រឿងនេះឈ្មោះ The Gift Of The Magi និពន្ធដោយ O Henry ។ ខ្ញុំក៏ធ្លាប់ផ្សាយម្តងក្នុងប្លក់មកហើយដែរ។
ខ្ញុំអត់ចាំចំណងជើងទេ ព្រោះតាមចាំ គឺអានក្នុងសៀវភៅរៀនអង់គ្លេស តាំងពីនៅក្មេងៗដែរ ។ អរគុណដែលបានប្រាប់ ។
ល្អតើ
ធ្លាប់បានអានរឿងដែលមានដំណើរសាច់រឿងស្រដៀងគ្នានេះនៅក្នុង ផ្កាយNovel ប្រហែលបួនប្រាំឆ្នាំមុន ។
អរគុណដែលនាំយកមករំឭកជាថ្មី ។
ចូលចិត្តខ្លាំងណាស់….អានហើយអាណិតដល់ហើយ
អរគុណ